គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​តំបន់​អាស៊ាន 2024 AFC Futsal Asian Cup បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​១៦ ក្រុម​ ឡើង​ទៅ​ជុំ​បន្ត ក្រោយ​​ប្រកួត​ជំរុះ​ក្នុង​ចំណោម​ក្រុម​ទាំង​៣០​មក​ពី​ប្រទេស​នានា ដែល​ជា​សមាជិក​ទី្វប​អាស៊ី។

ក្រុម​ដែល​ឡើង​ទៅ​ជុំ​បន្ត​ទាំង​១៦​មាន៖ ថៃ (ម្ចាស់ផ្ទះ), ចិន​, អាហ្វហ្គានីស្ថាន, អារ៉ាប៊ីសាអ៊ូឌីត, អ៊ីរ៉ង់, គីហ្ស៊ីស្ថាន, វៀតណាម, កូរ៉េខាងត្បូង, តាហ្ស៊ីគីស្ថាន, មីយ៉ាន់ម៉ា, គុយវ៉ែត, បារ៉ែន, អ៊ូបេគីស្ថាន, អ៊ីរ៉ាក់, ជប៉ុន, អូស្ត្រាលី។

បើ​និយាយ​ក្នុង​តំបន់​អាស៊ាន វិញ​មាន​តែ​​ ថៃ វៀតណាម និង​មីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ស្រប​ពេល​ដែល​ឡាវ ហ្វីលីពីន និង​សិង្ហបុរី មិន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជម្រុះ​នោះ​ទេ។ សម្រាប់​ក្រុម​កម្ពុជា នៅ​បាត​តារាង​ពូល G ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​អ៊ូបេគីស្ថាន ៦-១ បន្ត​ចាញ់​អ៊ីរ៉ាក់ ៧-០ និង​ចុងក្រោយ​ចាញ់​ម៉ាឡេស៊ី ៥-២។

ចំណែក​វគ្គ​ចែក​ពូល​ជុំចុងក្រោយ​វិញ នឹង​ប្រកួត​នៅ​​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤ ខាង​មុខ​ក្នុង​ប្រទេស​ថៃ ហើយ​ការ​ចាប់ឆ្នោត​បែងចែក​ពូល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ឆ្នាំ​២០២៣។ ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី AFC Futsal Asian Cup រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៩ បើ​គិត​ត្រឹម​ពេល​នេះ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​រហូត​ដល់​ទៅ​១២​ដង​ច្រើន​ជាង​គេ ខណៈ​ជប៉ុន ធ្លាប់​ឈ្នះ​បាន​៤ដង ក្រៅ​ពី​នោះ​គ្មាន​ប្រទេស​ណា​ធ្លាប់​ឈ្នះ​ជើង​ឯក​ម្តង​ណា​​ឡើយ៕

Share.