ពានរង្វាន់​បាល់ទាត់ Merdeka Tournament ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាឡេស៊ី បង្កើត​ឡើង​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ប្រកួត​ប្រជែង មាន​អាយុ​​កាល​​៦៦​ឆ្នាំ​ហើយ ស្រប​ពេល​ដែល​នៅ​ឆ្នាំ​២០២៣ នេះ​សល់​ក្រុម​ចំនួន​៣​ប៉ុណ្ណោះ ចូលរួម​ប្រកួត​ប្រជែង ក្រោយ​ក្រុម​ប៉ាឡេស្ទីន និង​លីបង់ ប្រកាស​ដក​ខ្លួន​ភ្លាម។

ដំបូង​ឡើង​ក្នុង​ខែ​មីនា កន្លង​ទៅ​ម៉ាឡេស៊ី បាន​អញ្ញើញ​ក្រុម​សរុប​ចំនួន​៤​ចូលរួម​ប្រកួត ប៉ុន្តែ​ក្រោយ​មក​ក្រុម​លីបង់ សម្រេច​ដក​ខ្លួន​វិញ ក្រោយ​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល​ជម្រុះ​ពាន 2026 World Cup ស្ថិត​នៅ​ពូល​ជាមួយ​ប៉ាឡេស្ទីន។ ឯ​ម៉ាឡេស៊ី បាន​អញ្ញើញ​តាជីគីស្ថាន មក​ជំនួស​កូតា​ដែល​ទំនេរ។ ប៉ុន្តែ​ថ្មីៗ​នេះ​​មាន​សង្រ្គាម​រវាង​អ៊ីស្រាអ៊ែល ទល់​ក្រុម​ហាម៉ាស់ ទើប​ក្រុម​ប៉ាឡេស្ទីន សម្រេច​ដក​ខ្លួន​ជា​បន្ត។

ដូច្នេះ​ក្រុម​៣​ដែល​នៅ​សល់​មាន​ឥណ្ឌា តាជីគីស្ថាន និង​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ដោយ​សហព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី ចាប់​ឆ្នោត​ទៅ​ឃើញថា​​ ក្រុម​ម៉ាឡេស៊ី ត្រូវ​ប៉ះ​ក្រុម​ឥណ្ឌា ហើយ​ក្រុម​តាជីគីស្ថាន ឈរ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bukit Jalil National Stadium ក្នុង​រាជធានី​កូឡាឡាំពួរ ពី​ថ្ងៃ​ទី​១៣ ដល់​១៧ ខែ​តុលា ឆ្នាំ​២០២៣

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ
១៣ តុលា ២០២៣ ម៉ាឡេស៊ី ៤-២ ឥណ្ឌា
វគ្គ​ផ្ដាច់ព្រ័ត្រ
១៧ តុលា ២០២៣ ម៉ាឡេស៊ី ប៉ះ តាជីគីស្ថាន

សូម​បញ្ជាក់​ថា​ពានរង្វាន់Merdeka Tournament ដែល​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៥៧ ម៉ាឡេស៊ី ក៏​បាន​អញ្ញើញ​ក្រុម​កម្ពុជា ចូលរួម​ដែរ ដោយ​កាល​នោះ​​ ជើង​​ឯក​បាន​ទៅ​ហុងកុង ហើយ​ឥណ្ឌូណេស៊ី ជា​ម្ចាស់​ជើង​ឯក​រង និង​វៀតណាម ខាង​ត្បូង​ ឈ្នះ​មេដាយ​សំរឹទ្ធិ៕

Share.