ត្បូងឃ្មុំ៖ ភ្ញៀវទេសចរណ៍នៅក្នុងខេត្តត្បូងឃ្មុំ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សរុបប្រមាណ៤៤០,៣០០នាក់ ស្រី២៤៨,០០២នាក់ ភ្ញៀវបរទេស១០នាក់។

បើប្រៀបធៀបនឹងឆ្នាំ២០២២ រយៈពេល០៣ថ្ងៃដូចគ្នាមានភ្ញៀវសរុប២៩,៦៧៣ នាក់ មានការកើនឡើងចំនួន១៣៨៣.៨ % ដោយសាររដ្ឋបាលខេត្តរៀបចំអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងវេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក (ភូមិ១ផលិតផល១) ការប្រគុំតន្រ្តី ស្តង់ពិព័ណ៍ បាញ់កាំជ្រួចនៅមាត់ទន្លេសិប្បនិម្មិតផងដែរ ។


លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ សារាចរណែនាំលេខ០០៧ សរណន ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ស្តីអំពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ក្នុងនោះបានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ព្រមទាំង បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ៕


អត្ថបទ៖ សាន វិឡែម

Share.