កីឡាករ Privat Mbarga គ្មាន​ឈ្មោះ​ជួយ​ក្រុម​ជម្រើសជាតិកម្ពុជា ប្រកួត​ជើង​ទី២ ក៏​ពិត​មែន​ ប៉ុន្តែ​ក្រោយ​បានចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ Privatបាន​និយាយថា៖ «ខ្ញុំពិត​ជា​សប្បាយ​ចិត្តដែល​បាន​ក្លាយជាពលរដ្ឋកម្ពុជា ហើយ​ក៏​សប្បាយ​ចិត្តពេល​ដែល​បាន​ចូល​រួម​ជា​មួយ​ជម្រើសជាតិ​កម្ពុជា ព្រោះ​វាជាលើក​ទីមួយ ដែល​ខ្ញុំបាន​មាន​ឈ្មោះ​ជា​មួយ​ក្រុម​ជម្រើសជាតិ»។

Privatបាន​លើកឡើង​ថា៖ «សម្រាប់​ខ្ញុំ​គឺ​នឹង​ព្យាយាម​បង្ហាញ​នូវ​រាល់​សម្ថភាព​ដែល​ខ្ញុំ​មាន​ទាំង​អស់ ហើយ​ទាំង​អស់​គ្នា​ដើម្បី​កម្ពុជា នឹង​រួម​គ្នា​យើង​អាច​ធ្វើ​បាន។ សម្រាប់​គ្រួសារ​របស់​ខ្ញុំ គឺ​គាំទ្រសម្រាប់​ការ​លេង​ឲ្យ​កម្ពុជា ពួក​គាត់​យល់​ព្រម​ជា​មួយ​ខ្ញុំ​ដោយ​ក្ដី​រីក​រាយ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ»។

ខ្សែប្រយុទ្ធ បាន​បន្ថែម​ថា៖ «ក្នុង​ចិត្ត​របស់​ខ្ញុំ​គឺ​ខ្ញុំ​ស្រលាញ់​បាល់​ទាត់ ខ្ញុំ​ចង់​លេង​បាល់​ទាត់ ហើយ​ខ្ញុំ​រស់​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​រួច​មក​ហើយ ខ្ញុំ​សង្ឃឹម​ថា នឹង​រក​គ្រាប់​បាល់​ឲ្យ​កម្ពុជា​បាន​ច្រើន និង​ជួយ​ក្រុម​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»។

ខ្សែប្រយុទ្ធដើមកំណើតម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣ ដោយ​ចូលរួម​ជាមួយ​បឹង​កេត មុន​នឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ ដោយ​បាន​បង្ហាញ​ខ្លួនចំនួន ២២លើក រកបាន ១៩គ្រាប់។

នៅ​ចុង​ឆ្នាំ២០១៦ បាន​ផ្ទេរ​ទៅ​ចូល​រួម​ជា​មួយ​ណាហ្គាវើលដ៍ មុន​នឹងទៅលេងនៅលីគកំពូលថៃ ជាមួយក្លិបSamut Prakan ដោយត្រលប់មក កម្ពុជា វិញនៅឆ្នាំ ២០១៨ ដល់​ឆ្នាំ២០១៩ ជាមួយ​អាស៊ីអឺរ៉ុប (AEU) បង្ហាញ​ខ្លួន​បាន ២២លើក រកបាន ២៧គ្រាប់។

ខណ:នៅចុង​​ឆ្នាំ២០១៩ បាន​ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង បង្ហាញ​ខ្លួន​នៅ​លើទីលានបាន​ចំនួន ៦២លើក រកបាន ៧៣គ្រាប់។ ចំណាយ​ពេលជាមួយព្រះខ័នរាជស្វាយរៀង ​អស់​រយ:​ពេល​ជិត ៣ឆ្នាំ និងបានជួយឲ្យក្លិបឈ្នះ​ជើងឯកក្របខណ្ឌកំពូលកម្ពុជា នៅ​ឆ្នាំ២០១៩ ផងដែរ។

មុន​បង្ហាញ​វត្តមាន​ជា​សមាជិក​ក្រុម​ជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ Privat បច្ចុប្បន្នកំពុង​ប្រកប​អជីព​ក្នុង​ក្លិបបាល់ទាត់ Bali United Fc សមាជិក​លីគ​កំពូលឥណ្ឌូនេស៊ី ដោយ​បាន​បង្ហាញ​ខ្លួនចំនួន ៦៦លើក រកបាន ២២គ្រាប់។

ខ្សែ​ប្រយុទ្ធដើមកំណើតកាមេរូន និង​ជា​កីឡាករ​ចូល​សញ្ជាតិ​ទី២ របស់​កម្ពុជារូប​នេះ​ មាន​ឈ្មោះ​ពេញ Jean Marie Privat Befolo Mbarga មាន​កម្ពស់ ១,៦៨ម៉ែត្រ កើត​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅ​ក្នុង​ទីក្រុង Douala ប្រទេស​កាមេរ៉ូន បច្ចុប្បន្ន​មាវ័យ ៣១ឆ្នាំ។

ខ្សែប្រយុទ្ធ Privat កឺ​ជា​កីឡាករ​ទី២ បន្ទាប់​ពី Yudai Ogawa សម្រាប់ជួយ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​ផ្សេងៗ ក៏ដូច​ជា​ត្រៀមសម្រាប់​ប្រកួត​ជម្រុះ ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹកលោក Félix Dalmás សញ្ជាតិអាហ្សង់ទីន៕

Share.