ប្រទេសអាស៊ាន នឹងមានកិច្ចប្រជុំមួយនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន រួមទាំងការបន្តដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034។

កន្លងមកប្រទេសអាស៊ានទាំង១០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១៩ ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2024 ដែលមានប្រទេសថៃ ជាប្រទេសនាំមុខគេ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ដូចជា៖ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឬ​វៀតណាម ខណ:ប្រទេសផ្សេងទៀតទំនងជានឹងដើរតួនាទីគាំទ្រ។

ស្របពេលប្រទេសអារ៉ាប៊ីសាអូឌីត ក៏ចាប់ផ្តើមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034 ក្រោយប្រធាន FIFA លោក Gianni Infantino បានប្រកាសថា៖«ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 នឹងផ្តល់អទិភាពខ្ពស់ដល់ប្រទេសដែលមានមូលដ្ឋាននៅទ្វីបអាស៊ី»។

ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសអាស៊ានដូចជា ម៉ាឡេស៊ី ទីម័រខាងកើត ឬឡាវ ផងដែរ។ ស្របពេលថ្ងៃផុតកំណត់ ក្នុងការដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 ចុងខែតុលា ឆ្នាំ២០២៣ នេះ។

បន្ទាប់ពីនៅក្នុងឆ្នាំ ២០២៦ គឺមានប្រទេសចំនួន៣ រួមគ្នាធ្វើជាសហម្ចាស់ផ្ទះក្នុងនោះ មានដូចជាប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក (ស្ថិតនៅទ្វីបអាមេរិកខាងជើង)។

ដោយឡែកសម្រាប់ឆ្នាំ២០៣០ ខាងមុននេះឃើញថាប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ បានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2030 (ទ្វីបអឺរ៉ុប) ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ។

លក្ខខណ្ឌនោះគឺ៣ប្រកួតដំបូងនៅ FIFA World Cup 2030 គឺតម្រូវ​ឱ្យប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ (ទ្វីបអាមេរិកខាងជើង) ធ្វើជាម្ចាស់ផ្ទះសិន ដើម្បីប្រារព្ធខួប ១០០ ឆ្នាំនៃព្រឹត្តិការណ៍ World Cup៕

Share.