ក្រុមជម្រើសជាតិប៉ាគិស្ថាន ត្រូវទទួលក្រុមភ្ញៀវកម្ពុជា ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ជុំទី១ វេលាម៉ោង ២:០០នាទីរសៀល (៤:០០នាទីល្ងាចនៅកម្ពុជា) ក្នុងកកីឡដ្ឋាន Jinnah Sports ខណៈកាលប្រកួតជើងទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

លោក Stephen Constantine បានលើកឡើងក្នុងកម្មវិធីសន្និសិទសារព័ត៌មាន មុនការប្រកួតមកដល់ «ពួកយើងពិតជាត្រេកអរដែលបានធ្វើការប្រកួតនៅទឹកដីរបស់យើងដែលខកខានធ្វើនៅទីនេះអស់រយៈពេល៨ឆ្នាំរួចមកហើយ។ ខ្ញុំបានដឹងរួចមកហើយថាកម្ពុជាជាក្រុមមួយដែលមានច្បាប់ទំលាប់រៀបចំបានល្អហើយការប្រកួតនេះគឺជាប្រកួតដែលតានតឹងមួយ សម្រាប់យើងនឹងកម្ពុជាហើយយើងនឹងធ្វើឲ្យបានសម្រេចនូវលទ្ធផលមួយដែលល្អ»។

ដោយឡែកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា គឺលោក Félix Dalmás បានថ្លែងដូច្នេះថា «ជាដំបូងពួកយើងសូមអរគុណដល់ប៉ាគីស្ថាន ដែលទទួលស្វាគមន៍យើងបានយ៉ាងល្អតាំងពីព្រលានយន្តហោះរហូតមកដល់សណ្ឋាគារ ប្រជាជននៅទីនេះពិតជារួសរាយជាមួយពួកយើង ហើយពួកយើងរីករាយដែលបានមកទីនេះ។ ពួកយើងមើលឃើញថាប៉ាគីស្ថាន ជាក្រុមដែលរៀបចំបានល្អ ពួកគេបាននាំយកកីឡាករមកពីអឺរ៉ុបមួយចំនួនដើម្បីលេងតំណាងក្រុមរបស់ពួកគេ និងកីឡាករនៅក្នុងប្រទេស ប៉ុន្តែយើងក៏ត្រៀមខ្លួនហើយដូចគ្នាក្នុងការប្រយុទ្ធនៅថ្ងៃស្អែកនេះ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា»។

ខាងក្រោមនេះជាប្រវត្តិជួបគ្នា ៣លើកចុងក្រោយ មុខប៉ះគ្នាជាលើកទី៤នៅយប់នេះ៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup នៅពហុកីឡដ្ឋានជាតិ (ស៊ុតបញ្ចូលទីដោយ៖ គួច​ សុកុម្ភៈ​ និង សៀង​ ចន្ធា​)
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup (ស៊ុតបញ្ចូលទីដោយ៖ រ៉ឹង​ ប៊ុនហៀង និង សេត​ រ៉ស៊ីប​)
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កម្ពុជា ០-០ ​ប៉ាគីស្ថាន វគ្គជម្រុះ World Cup (ជើងទី១)

សូមបញ្ជាក់ដែរថា ប្រសិនបើក្រុមណាអាចយកឈ្នះក្នុងការប្រកួតជើងទី២នេះ គឺនឹងត្រូវឡើងទៅកាន់វគ្គបន្ត នៅជុំទី២ ដោយមានក្រុមជើងខ្លាំង អារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និងតាជីគីស្ថាន ដែលកំពុងតែឈររងចាំនៅក្នុងពូល G ស្រាប់៕

Share.