យ៉ាងហោចណាស់មានមនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈដែលមេខ្លោងនិងបក្ខពួកមួយចំនួនទៀតគេចខ្លួនបាត់ក្រោយពីយកដុំថ្មីគប់ វាយទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសនិងវាយកម្ទេចម៉ូតូមួយគ្រឿង នៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលនៅ ថ្ងៃទី១៤ ខែតុលា  ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងសំណុំរឿងនេះរួមមាន៖

១.ជនរងគ្រោះឈ្មោះ សួន វិបុល ត្រូវរបួសគុម្ពត្រចៀកខាងស្តាំ ០១ដុំថ្ម បណ្តាលឱ្យហើម ត្រូវកំភួនដៃស្តាំ ០១ដុំថ្ម បណ្តាលឱ្យរលាត់ចេញឈាម និងខូចខាតម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-5008 បែកកុងទ័រ បាក់ក្បាំងផ្នែកខាងស្តាំ និងដាច់កាតតាប៊ូខាងក្រោយ ។

២.ជនរងគ្រោះឈ្មោះ រុន សុខហេង មិនរងរបួសទេ តែខូចខាតម៉ូតូម៉ាក Nex ពណ៌ស-ខៀវ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ កណ្តាល 1AB-1563 បែកកុងទ័រ បែកចង្កៀងខាងមុខ និងដាច់កាតតាប៊ូខាងមុខ ។

ចំណែកឯជនសង្ស័យមានគ្នា៨នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

១.ឈ្មោះ  ផាន ចន្ថា ភេទប្រុស  អាយុ២៤ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល  ខេត្ដកណ្ដាល  ។

២.ឈ្មោះ ខន ចាន់មន្នី ភេទប្រុស អាយុ២៨ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ ស្នាក់នៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល  ខេត្តកណ្ដាល  ។

៣.ឈ្មោះ  ឈិន ឈួន ភេទប្រុស អាយុ១៨ឆ្នាំ  ជនជាតិខ្មែរ   មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ ។

៤.ឈ្មោះ  កន កំសត់ ភេទប្រុស អាយុ១៧ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ ស្នាក់នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ ។

ជនសង្ស័យ៤នាក់ដែលបានគេចខ្លួនបាត់រួមមាន៖

១.ឈ្មោះ  សឿន វណ្ណដេត ភេទប្រុស អាយុ២៨ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល  ខេត្តកណ្ដាល ។ 

២.ឈ្មោះ  ឈិន ស៊ីថេត ភេទប្រុស  អាយុ១៩ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ កម្មករ ស្នាក់នៅ ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល  ខេត្ត កណ្តាល  ។

៣.ឈ្មោះ  ភាព ភ័ស្ភ ភេទប្រុស  អាយុ១៦ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  ស្នាក់នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ ។

៤.ឈ្មោះ  ខេន សុខណាន   ភេទប្រុស  អាយុ ១៧ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោង កើតហេតុ ជនរងគ្រោះទាំង ០២នាក់ បានជិះម៉ូតូរបស់ខ្លួនម្នាក់ ០១គ្រឿង ចេញពីផ្ទះមិត្តភ័ក្ត្រ នៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ធ្វើដំណើរទៅលេងវត្តភ្នំបាសិទ្ធខាងត្បូង។ ពេលជិះឡើងលើភ្នំ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះទាំង ០២នាក់ ក៏គិតថាស្ងាត់មិនសូវមានមនុស្សមកលេង ហើយក៏បបួលគ្នាជិះត្រឡប់មកក្រោមវិញ ភ្លាមនោះស្រាប់តែមានបក្ខពួកជនសង្ស័យបានរើសដុំថ្មគប់សំដៅទៅលើជនរងគ្រោះទាំង០២នាក់ បណ្តាលឱ្យត្រូវជនរងគ្រោះឈ្មោះ សួន វិបុល រងរបួស  ហើយបក្ខពួកជនសង្ស័យផ្សេងទៀត បានទាញយកដំបងមែកឈើរត់សំដៅវាយទៅលើជនរងគ្រោះ តែជនរងគ្រោះបានផ្តួលម៉ូតូចោលហើយរត់រកឱ្យគេជួយ ។ ដោយបក្ខពួកជនសង្ស័យបានឃើញជនរងគ្រោះផ្តួលម៉ូតូចោល ក៏នាំគ្នាយកដុំថ្ម និងដំបងវាយទៅលើម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាតយ៉ាងដំណំ  រួចគេចខ្លួនអស់បាត់ទៅ។

លុះដល់ព្រឹកថ្ងៃទី១៥.១០.២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម  កម្លាំងប៉ុស្តិ៍ម្កាក់ និងកម្លាំងប៉ុស្តិ៍ទួលព្រេជ បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ស្រុក  បានចុះទៅដល់កន្លែងកេីតហេតុ  ធ្វេីការស្រាវជ្រាវទើបកំណត់មុខសញ្ញាបាន តាមរកឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកបានជាបន្តបន្ទាប់  បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក  សួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានឆ្លេីយសារភាពថា  ពួកខ្លួនពិតជាបានធ្វេីសកម្មភាព  យកដំបងមែកឈើ និងយកដុំថ្មគប់ទៅលេីជនរងគ្រោះ  និងវាយម៉ូតូរបស់ជនរងគ្រោះប្រាកដមែន  មូលហេតុ  ជនសង្ស័យ ឃេីញជនរងគ្រោះឌឺដងដាក់ខ្លួន។

ក្រោយឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងបន្តស្វែងរកជនសង្ស័យដែលបានគេចខ្លួនយកមកទទួលខុសត្រូវនៅចំពោះមុខច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.