​ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់ដើម្បី​រួម​គ្នាដេញថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ព្រឹត្តិ​ការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2034 នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។

ឯកឧត្តម ខៀវ សាម៉េត បាន​ប្រាប់​សារ​ព័ត៌មានត្រយង តាម​រយ:​សារ​អេឡិចត្រូនិក នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ​ថា៖ «ចំពោះ​រឿង​ហ្នឹង​ (ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ) គឺ​មាន​ខាង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូ​ណេស៊ី គាត់​បាន​ដើរ​ប្រមូល​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​មាន​ម៉ាឡេស៊ី សិង្ហបុរី អូស្រ្តាលី… ​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2034»។

ឯកឧត្តម ខៀវ សាម៉េត បាន​បន្តថា៖«ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខាង​ម៉ាឡេស៊ី ក៏​បាន​បញ្ជាក់​រួច​រាល់ មិន​មាន​បំណង​ចូល​រួម​ទេ ដូច​នេះ​នៅ​សល់​តែ សិង្ហបុរី នៅ​មិន​ទាន់​មាន​ជំហរ​ច្បាស់​លាស់ ដូច​នេះ​នៅ​សល់​តែឥណ្ឌូណេស៊ី និង​អូស្ត្រាលី ខណ:​អូស្ត្រាលី ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ខែ​មុន​ ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ តែ​មិន​បាន​បញ្ជាក់​ចូល​រួម​ធ្វើ​ជា​មួយ​ប្រទេសឥណ្ឌូណេស៊ីឡើយ​»។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បាន​បញ្ជាក់ថា៖ «ចំពោះ​ខ្ញុំយល់ថា យើង(អាស៊ាន) ​មិន​ទាន់​ត្រៀម​ខ្លួនរួច​រាល់​សម្រាប់ ​ឆ្នាំ២០៣៤។ ដោយ​សារ​មាន​កត្តា​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទី១ គឺ​រឿង​នយោបាយ ទី២ ហិរញ្ញវត្ថុ និង​ទី៣ បច្ចេកទេស។ អីចឹង​ខ្ញុំ​គិត​ថា យើង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍បាល់ទាត់​ពិភពលោក FIFA World Cup 2034 ឡើយ»។

ឯកឧត្តម ខៀវ សាម៉េត បាន​បន្ថែម​ថា នៅ​ថ្ងៃទី១៧ ខែតុលា នេះ នឹង​មាន​ការ​ប្រជុំ​មួយ​របស់​អគ្គ​លេខាដ្ឋាន​អាស៊ាន ​អាច​និង​ការ​ជជែក​អំពី​រឿង​ហ្នឹង ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​នេះមាន​ប្រទេស​ចំនួន​ ៨ទៅ៩ នៅ​​អាស៊ាន បានគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍បាល់ទាត់​ពិភពលោក FIFA World Cup 2034។

ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ចាប់ផ្តើមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034 ក្រោយប្រធាន FIFA លោក Gianni Infantino បានប្រកាស ព្រឹត្តិការណ៍បាល់ទាត់ដ៏​ធំ​មួយ​នេះ នឹង​ផ្តល់​អទិភាព​ខ្ពស់​ដល់​ប្រទេស​ដែលមានមូលដ្ឋាននៅទ្វីបអាស៊ី។ ស្របពេល​ប្រទេស​អាស៊ាន​ដូច​ជា ម៉ាឡេស៊ី ទីម័រ​ខាង​កើត​ ឬឡាវ កំពុង​​គាំទ្រ​ ក៏​ដូច​ជាបណ្តាប្រទេសជុំវិញពិភពលោក ផងដែរ។

សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ក្នុងឆ្នាំ ២០២៦ គឺមានប្រទេសចំនួន៣ រួម​គ្នា​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះក្នុងនោះ មានដូចជាប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក (ស្ថិត​នៅ​ទ្វីប​អាមេរិក​ខាង​ជើង)។

សម្រាប់ឆ្នាំ២០៣០ ឃើញថាប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ បាន​រួមគ្នា​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ (ទ្វីបអឺរ៉ុប) ប៉ុន្តែ​ត្រូវ​មានលក្ខខណ្ឌមួយ គឺ៣ប្រកួតដំបូងនៅ FIFA World Cup 2030 គឺតម្រូវ​ឱ្យប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ (ទ្វីបអាមេរិកខាងជើង) ធ្វើជាម្ចាស់ផ្ទះសិន ដើ​ម្បីប្រារព្ធខួប ១០០ ឆ្នាំនៃព្រឹត្តិការណ៍ World Cup៕

Share.