ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅក្នុងតេឡេក្រាមរបស់សម្ដេច នៅថ្ងៃទី១៦ ខែតុលា ២០២៣។

នៅក្នុងសំណេរបស់សម្ដេចបានរៀបរាប់ថា «ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ»។

អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។ នេះជាការលើកឡើងរបស់សម្ដេច។

សម្ដេចបានបន្ថែមទៀតថា «ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល»។

ទាក់ទងនឹងការបញ្ចេញសាររបស់សម្ដេចតេជោខាងលើ គឺសម្ដេចមិនបានបញ្ជាក់ឲ្យចំថាតើបញ្ហាអ្វីដែលកំពុងកើតមានចំពោះ iPhone15 នេះទេ គ្រាន់តែសម្ដេចបញ្ជាក់ថាមានការលំបាកប្រើបំផុត ហើយស្នើឲ្យក្រុមហ៊ុនរកវិធីសម្រួលឲ្យប្រើប្រាស់បានស្រួល។

កាលពីដើមខែតុលា ក្រុមហ៊ុន Apple ទទួលស្គាល់​ថា iPhone 15 ពិត​ជា​មាន​បញ្ហា​ឡើង​កម្ដៅ​ខ្លាំង​មែន​ព្រោះ​តែ iOS 17 Bug ហើយខាងក្រុមហ៊ុនកំពុងរៀបចំបញ្ជូនការ អាប់ដេតកម្មវិធីថ្មីដើម្បីជួសជុលបញ្ហាជាបន្ទាន់។

បញ្ហាការឡើងកម្ដៅនេះ ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 17.0.3 កាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីធ្វើការដោះស្រាយបញ្ហាដែលបណ្តាលឱ្យ iPhone 15 របស់ក្រុមហ៊ុន Apple ក្តៅខ្លាំងខុសពីធម្មតា ។

អ្នកប្រើប្រាស់រាប់រយនាក់បានត្អូញត្អែរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា iPhone 15 Pro និង iPhone 15 Pro Max ថ្មីរបស់ពួកគេអាចមានអារម្មណ៍ក្តៅខ្លាំង​ ។ អ្នកប្រើប្រាស់មួយចំនួនថែមទាំងបានបង្ហោះរូបថតនៃ​ទែម៉ូម៉ែត្រដែលពួកគេប្រើប្រាស់ដើម្បីវាស់កម្ដៅរបស់ iPhone របស់ពួកគេ ដោយបង្ហាញលទ្ធផលលើសពី ៣៨ អង្សាសេ៕

Share.