កុមារី៣រូបបង្ហើរសំនៀងដ៏ពីរោះអមជាមួយនឹងកាយវិការគួរឱ្យខ្នាញ់ក្នុងបទចម្រៀងថ្មីរៀងៗខ្លួនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
កុមារីដ៏គួរឱ្យស្រលាញ់និងកំពុងទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រមានព្រះនាងម្ចាស់តូចនរោត្តម ជេនណា កុមារី ឃុយ មីហៀង និង កុមារី កែវ ទិត្យផល្លី បានចេញបទចម្រៀងម្នាក់មួយបទដែលមានអត្ថន័យប្លែកពីគ្នាប៉ុន្តែកាន់តែស្ដាប់កាន់តែពីរោះ ហើយបើបានស្ដាប់ហើយចង់ស្ដាប់ទៀតមិនចេះជិនណាយ។

ព្រះនាងម្ចាស់តូច នរោត្តម ជេនណា បានចេញបទចម្រៀងមានចំណងជើងថា «តាលុងផ្ដាំស្នេហ៍» ជាបទចម្រៀងច្រៀងជាគូជាមួយនឹងលោក អ៊ុង សុគន្ធណារ៉ុង ខណៈ ឃុយ មីហៀង តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាសក៏មានបទចម្រៀងថ្មីមានចំណងជើងថា «ល្បីក្នុងយល់សប្ដិ» ដែលបានតារាសម្ដែងស្រីតូចច្រឡឹង ដួង ម៉ានិច្ច មកសម្ដែងជាតួឯកស្រីឱ្យទៀតរឹតតែទំនង ចំណែកកុមារីស្គមស្ដើង កែវ ទិត្យផល្លី ក៏មិនធម្មតាដែរជាមួយនឹងបទចម្រៀងថ្មី «បើខ្ញុំមានលុយ» ដែលជាបទចម្រៀងមួយនិពន្ធដោយអ្នកនិពន្ធវ័យក្មេងល្បីឈ្មោះ ប៉ែន បូទី។
គួរដឹងដែរថាបទចម្រៀងរបស់កុមារីទាំង៣រូបនេះ បានទទួលការស្រលាញ់និងគាំទ្រច្រើនពីសំណាក់អ្នកស្ដាប់ ជាពិសេសលើ
ឆាណែលយូធូបច្រើនគួរឱ្យកត់សម្គាល់ដោយបទចម្រៀង «តាលុងផ្ដាំស្នេហ៍» របស់ព្រះនាងម្ចាស់តូច ជេនណា មានចំនួនចុចចូលស្ដាប់និងទស្សនាចំនួន១៥០K ចំណែកបទ«ល្បីក្នុងយល់សប្តិ» របស់ឃុយ មីហៀងមានចំនួនចុចចូលទស្សនា៩៦K ខណៈបទរបស់កែវ ទិត្យផល្លី «បើខ្ញុំមានលុយ»មានចំនួនចុចចូលទស្សនាចំនួន៧៧K៕