ជនសង្ស័យម្នាក់ដែលបានកាប់សម្លាប់ទៅលើស្រ្តីដែលជាអតីតសង្សា  កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៣០នាទី  នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣នេះ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស  ថេត  អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអនុសេនីឯក  ឆាន់  គឹមលី  បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។លុះដល់ថ្ងៃទី១៨  ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋានខេត្តស្វាយរៀង  ឃាត់ខ្លួនជនសង្ស័យឈ្មោះ  លឿង ផល្លី ភេទ  ប្រុស  អាយុ  ៣៣ឆ្នាំ  ជនជាតិខ្មែរ  នៅត្រង់ចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.