ភ្នំពេញ​៖ បន្ទាប់ពីមានឃ្លីបវីដេអូមួយបង្ហាញអំពីសក្មភាពពុទ្ធសាសនិកមួយក្រុម សែងជ្រូកទាំងមូលដោយមានជង់ឈើធ្វើជាស្នែង យកទៅប្រគេនព្រះសង្ឃនៅក្នុងវត្តមួយនាពេលថ្មីៗនេះ ដែលនាំឱ្យមានការរិះគន់ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសពុទ្ធបរិស័ទនោះ ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បានបង្ហាញការសោកស្តាយចំពោះការផ្សព្វផ្សាយរូបភាពនោះ។

តាមរយៈសារព័ត៌មានត្រយងឯកឧត្តម ឆាត សុឆេត បានលើកឡើងថា ពុទ្ធបរិស័ទនៅពេលយកអ្វីទៅប្រគេនព្រះសង្ឃ គួរពិចារណាថា របស់ណាគួរថតបង្ហោះ របស់ណាមិនគួរថតបង្ហោះ។ ក្នុងនោះឯកឧត្តម បានសង្កត់ធ្ងន់ថា សទ្ធាដែលគេបានបង្ហាញតាមរយៈវីដេអូនោះ គឺជាសទ្ធាដែលពុំមានការពិចារណា។ ម្យ៉ាងទៀតលោកយល់ថា ករណីនេះកើតឡើងក៏ដោយសារតែព្រះសង្ឃពុំបានណែនាំដល់ ពុទ្ធបរិស័ទឱ្យបានយល់ច្បាស់ផងដែរ។


តាមរយៈឃ្លីបវីដេអូដែលមានរយៈពេល២នាទីនោះ គេឃើញយុវជន២នាក់ បានសែងជ្រូកមួយក្បាល ដែលគេបានធ្វើរួចជាស្រេច ប៉ុន្តែមិនទាន់ចម្អិននៅឡើយ។ ក្នុងនោះគេបានឮបុរសម្នាក់បាននិយាយថា ជ្រូកនោះគឺជារបស់សិប្បកម្មមួយដែលមានទម្ងន់ប្រហែល៦០គីឡូក្រាម រួមទាំងអង្ករផងដែរយកទៅប្រគេនព្រះសង្ឃនៅ វត្តចំការខ្សាច់ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដែលបានរងគ្រោះដោយសារទឹកជំនន់កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២៣នេះ។


ជាការកត់សម្គាល់នៅខាងក្រោមវីដេអូដែលត្រូវបានផ្សព្វផ្សាយនោះ គេឃើញមានcomments រហូតដល់ខ្ទង់ពាន់ក្នុងន័យសម្តែងនូវការមិនពេញចិត្តចំពោះទង្វើនេះ ដោយមានអ្នកខ្លះបានលើកឡើងថា ជ្រុលពេកហើយ កុំធ្វើបុណ្យចង់មានមុខមាត់ពេកប្រយត្ត័ល្បីខ្មាសគេ គួរតែវិចខ្ចប់អោយបានត្រឹមត្រូវបន្តិចទៅ.។ក្នុងនោះក៏មានដែរ អ្នកលើកឡើងថា ការធ្វើបុណ្យ គឺជារឿងល្អប្រសើរ តែបើធ្វើបុណ្យខ្វះការពិចារណា អាចបន្ថែមផលបាបទៅវិញទេ សូមពិចារណាតាមការគួរ៕

អត្ថបទ៖ សង្គម

Share.