ការផ្ទុះឡើងដ៏គួរឱ្យព្រួយបារម្ភនៃជម្ងឺ Melioidosis ដែលត្រូវបានគេស្គាល់ថាជាជំងឺ Whitmore’s បានកើតឡើងនៅក្នុងប្រទេសថៃ ដោយបានឆក់យកជីវិតរបស់កសិករប្រមាណ ១០នាក់នៅក្នុងខេត្ត Buriram, Nakhon Ratchasima និង Songkhla ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thaiger នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កំពុងព្រមានកសិករអំពីជំងឺនេះ ដែលបង្កឡើងដោយផ្សិត Burkholderia pseudomallei ដែលជាធម្មតាត្រូវបានរកឃើញនៅក្នុងដីកខ្វក់ ទឹក វាលស្រែ និងដំណាំកសិកម្មមានមេរោគ។

ប្រធានការិយាល័យ DDC ទី៩ លោកវេជ្ជបណ្ឌិត Taweesak Wisanuyothin បានបង្ហាញឱ្យដឹងថា ករណីជំងឺចំនួន៥៨២ ត្រូវបានកំណត់អត្តសញ្ញាណនៅឆ្នាំនេះនៅក្នុងខេត្តចំនួន៤ នៅភាគឦសានក្រោមដែនសមត្ថកិច្ចរបស់ការិយាល័យ។ ខេត្តទាំងនេះរួមមានខេត្ត Buriram ដែលមាន ៣៣៦ករណី, នគររាជសីមា ៩៣ករណី , ស៊ូរិន ១០៦ករណី និងឆៃយ៉ាភូមិ ៤៧ករណី។

លោកវេជ្ជបណ្ឌិត Taweesak បានកត់សម្គាល់ថា ក្នុងចំណោមអ្នកឆ្លងមេរោគនេះ មាន ៥៣.៧៨% ជាកសិករ , ២៥.៨៨% មិនមែនជាកសិករ និង ៦.៨៧% ជាកុមារ។ បើតាមការចុះផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អ្នកជំងឺភាគច្រើនមានអាយុយ៉ាងតិច ៦៥ឆ្នាំ ខណៈដែលអ្នកជំងឺផ្សេងទៀត ស្ថិតក្នុងរង្វង់អាយុចាប់ ៥៥ឆ្នាំ ទៅ ៦៤ឆ្នាំ និងពីអាយុ ៤៥ឆ្នាំ ទៅ ៥៤ឆ្នាំ។

CDC បញ្ជាក់ថា ជំងឺ Melioidosis អាចឆ្លងដល់មនុស្ស និងសត្វ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយប្រភពដែលមានមេរោគ។ រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង អាប់សែ និងបញ្ហាផ្លូវដង្ហើម។ អាការ អាចលេចឡើងពី១ទៅ២១ថ្ងៃបន្ទាប់ពីការប៉ះពាល់ អាស្រ័យលើកម្រិតនៃអង្គបដិប្រាណរបស់រាងកាយ៕

ប្រភព៖ Thaiger

Share.