អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារណែនាំឲ្យមន្ត្រីដែលត្រូវទៅសិក្សាជំនាញនៅវៀតណាមជៀសវាងប្រព្រឹត្តល្មើសវិន័យនិងត្រូវប្រឹងប្រែងរៀនសូត្រតាមកម្មវិធីរបស់សាលាក៏ដូចជារក្សានូវសាមគ្គីភាព។

ការណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ណែនាំ និងផ្ដាំផ្ញើ ជាមួយមន្ត្រីពន្ធនាគារ ដែលត្រូវទៅសិក្សាជំនាញពន្ធនាគារ រយៈពេល៥ឆ្នាំ នៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។

ក្នុងពិធីនេះដែរ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធនាគារបានខិតខំបង្កើតកម្មវិធីបណ្តុះបណ្តាលមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ទាំងរយៈពេលខ្លី និងវែង សំដៅកសាងឱ្យបានធនធានមនុស្ស សម្រាប់ឆ្លើយតបនឹងតម្រូវការគ្រប់គ្រង និងអប់រំស្តារនីតិសម្បទានៅគ្រប់អង្គភាព។ ជាក់ស្តែងការចាត់បញ្ជូនមន្ត្រីទៅសិក្សាថ្នាក់មហាវិទ្យាល័យ ដែលមានរយៈពេលវែងរហូតដល់៥ឆ្នាំ គឺជាការខំប្រឹងប្រែងតស៊ូលះបង់ខ្ពស់ ដើម្បីទទួលបានចំណេះដឹងទាំងឡាយមកជួយការងារអង្គភាព និងបម្រើជាតិមាតុភូមិ។

ក្នុងនោះ ឯកឧត្តម បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីពន្ធនាគារ”វគ្គទី៥” ដែលត្រូវចេញដំណើរទៅសិក្សា នូវចំនុចមួយចំនួនដូចខាងក្រោម៖

១- ក្នុងរយៈពេលស្នាក់នៅសិក្សា ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រតាម កម្មវិធីរបស់សាលា គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា គោរពច្បាប់ ប្រពៃណីទំនៀមទម្លាប់ របស់ប្រទេសជាតិគេ ដោយជៀសវាងដាច់ខាតការប្រព្រឹត្តកំហុសឆ្គងទាំងឡាយ មានទាំងការរើសអើង បែងចែកជាតិសាសន៍ បង្កបក្ខពួក ដែលជៈឥទ្ធិពលកិត្តិយសមិនល្អ ដល់ប្រទេសជាតិ ក្រសួងមហាផ្ទៃ ពិសេសដល់ខ្លួនឯង។

២- ត្រូវខិតខំរក្សាសាមគ្គីភាពជួយយកអាសារគ្នាជាបងប្អូនទៅវិញទៅមក រវាងនិស្សិតកម្ពុជាយើង និងរួមគ្នារក្សាប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្លូរ កិត្តិយសរបស់ក្រសួងមហាផ្ទៃ ក៏ដូចជារបស់ប្រទេសជាតិយើង។

៣- ត្រូវទំនាក់ទំនងចងសាមគ្គីភាព ភាតរភាព ជាមួយសិក្ខាកាម ដែលមកពីបណ្តាប្រទេសផ្សេងៗ ដោយផ្សព្វផ្សាយបង្ហាញនូវ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាអត្តសញ្ញាណជាតិយើង និង បង្ហាញពីឥរិយាបថគោរពឱ្យតម្លៃវប្បធម៌ប្រពៃណីជាតិសាសន៍ដទៃ ជាពិសេសការចងសាមគ្គីភាពជាមួយប្រជាជន នៃប្រទេសជាម្ចាស់ផ្ទះ៕

Share.