អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ទង្វើមួយចំនួនរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ ដូចជាការកាត់ផ្តាច់អាហារ ទឹក និងអគ្គិសនីសម្រាប់តំបន់ហ្គាហ្សា មិនត្រឹមតែធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗប៉ុណ្ណោះទេ «វាអាចធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ខឹងគុំកួនជាច្រើនជំនាន់» រួមទាំងបំផ្លាញការគាំទ្រជាសកលសម្រាប់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងការអត្ថាធិប្បាយដ៏កម្រអំពីវិបត្តិគោលនយោបាយការបរទេសដ៏សកម្មមួយ លោកអូបាម៉ា បាននិយាយថា «យុទ្ធសាស្ត្រយោធាអ៊ីស្រាអែល ណាមួយដែលមិនអើពើនឹងតម្លៃមនុស្សនៃសង្គ្រាម អាចនឹងត្រលប់មកសងវិញ»។

លោក អូបាម៉ា បាន​និយាយ​ថា «សកម្មភាពទាំងនោះ អាច​បំផ្លាញការគាំទ្រជាសកលសម្រាប់អ៉ីស្រាអែល សត្រូវរបស់អ៉ីស្រាអែលលូកដៃចូលអន្តរាគមន៍ក្នុងសង្រ្គាម និងធ្វើឱ្យខូចដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​វែង ​ដើម្បី​សម្រេច​បាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់»។

អ៊ីស្រាអែល​បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតំបន់ហ្កាហ្សា​ ដើម្បីសងសឹកនឹងក្រុមហាម៉ាស់ ដោយការវាយប្រហារតាមអាកាសចាប់តាំងពីក្រុមហាម៉ាស់​វាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែលបាន​បណ្តាលឲ្យមនុស្សជាង ១,៤០០នាក់​ស្លាប់។ ខណៈមន្ត្រីតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥,០០០នាក់ ។

ទោះជាយ៉ាងណា លោក អូបាម៉ា បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស និងបានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ខណៈដែលមានការប្រុងប្រយ័ត្នចំពោះហានិភ័យរបស់ជនស៊ីវិលនៅក្នុងសង្គ្រាមបែបនេះ។

ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក អូបាម៉ា តែងតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល នៅពេលចាប់ផ្តើមមានជម្លោះជាមួយក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas នៅតំបន់ហ្គាហ្សា ប៉ុន្តែបានអំពាវនាវឱ្យអ៊ីស្រាអែលអត់ធ្មត់ភ្លាមៗ នៅពេលដែលជនរងគ្រោះប៉ាឡេស្ទីនកាន់តែច្រើនបានរងរបួសដោយសារការវាយប្រហារតាមអាកាស។

សូមជម្រាបថា ក្នុងនាមជាប្រធានាធិបតី លោក អូបាម៉ា បានប៉ះទង្គិចជាញឹកញាប់ លើគោលនយោបាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលនាំឲ្យកិច្ចខិតខំប្រឹងប្រែងបន្តការចរចាសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើងវិញ ត្រូវបរាជ័យ”៕

ប្រភព៖ CNA

Share.