
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) កាលពីថ្ងៃទី២៣ តុលា បានចេញសេចក្ដីជូនដំណឹងដល់ កីឡាករ កីឡាការិនី អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិក ជាពិសេសអ្នករៀបចំការប្រកួតកីឡាអេឡិចត្រូនិក និងសាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមកនេះ សហព័ន្ធធ្លាប់បានធ្វើការជូនដំណឹងរួចមកហើយ ដល់អ្នកដែលមានបំណងចង់រៀបចំ ការប្រកួតកីឡាអេឡិចត្រូនិក គ្រប់ប្រភេទវិញ្ញាសា ទាំងការប្រកួតតាមប្រព័ន្ធ Online និង Offline អំពីការបំពេញ បែបបទដាក់ពាក្យស្នើសុំមកសហព័ន្ធ ស្របតាមលក្ខន្តិកៈរបស់សហព័ន្ធជាតិ ក្នុងការពិនិត្យ និងគ្រប់គ្រង រាល់ការ ប្រកួតកីឡាអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីជូនដំណឹងបានបញ្ជាក់បន្ថែមថា កន្លងមកនេះដោយសង្កេតឃើញថា មានការរៀបចំការប្រកួតមួយចំនួននៅពុំទាន់អនុវត្តបានពេញ លេញ នូវបទបញ្ញាប្រកួតរបស់ខ្លួន ដែលបានដាក់ពាក្យស្នើសុំមកកាន់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
ក្នុងន័យនេះ ដើម្បីឲ្យការប្រកួតកីឡាអេឡិចត្រូនិកដែលរៀបចំឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តិទៅត្រឹមត្រូវតាមបទដ្ឋានគិតិយុត្ត សហព័ន្ធសូមគូសបញ្ជាក់សារជាថ្មីថា រាល់ការរៀបចំការប្រកួតកីឡា អេឡិចត្រូនិក ទាំងតាមប្រព័ន្ធ Online និង Offline តម្រូវឲ្យអ្នករៀបចំការប្រកួត ដាក់ពាក្យស្នើសុំមកកាន់ សហព័ន្ធ ដើម្បីពិនិត្យ អនុម័ត ដោយសហព័ន្ធនឹងបញ្ជូនមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រម ចូលរួមរៀបចំការប្រកួត ទាំងនោះ ដើម្បីធានាបានថា ការរៀបចំការប្រកួតទាំងអស់គោរពបាននូវគោលការណ៍Fair-Play ស្របតាម លក្ខន្តិកៈរបស់សហព័ន្ធជាតិ។
អាស្រ័យហេតុនេះ សូម កីឡាករ កីឡាការិនី អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិក ជាពិសេសអ្នក រៀបចំការប្រកួតកីឡាអេឡិចត្រូនិក និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

