ដំណាលគ្នានឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះ បានប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវ កម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ផងដែរ។

កម្មវិធីអាទិភាពទី១នេះ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។

គោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តដើម្បីជួយដល់ប្រជាពលរដ្ឋដែលក្រីក្រ និងរងគ្រោះពិតប្រាកដ ក្នុងនោះរួមមាន៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិរឿឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕

Share.