ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាល ប្រទេសថៃដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា «ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាល ប្រទេសថៃទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនេះ ខ្យល់មូសុង និរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្ទថៃ។ ខណៈមានលំហូរខ្យល់បក់ពីទិសខាងត្បូង នាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។  

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្ទ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្ហូរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី៥០ភាគរយ ទៅ៦០ភាគរយ។

ដោយឡែក បណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដីពី៤០ភាគរយ ទៅ៥០ភាគរយ៕

អត្ថបទ៖ សង្គម

Share.