សហព័ន្ធខ្មែរ​កី​ឡាហែលកម្ពុជា កំពុង​រៀប​ចំ​​ការប្រកួត​កីឡា​ហែលទឹក​ និង​កីឡា​ហែល​ទឹក​ពាក់​ជើង​ទា​ ជ្រើស​រើ​ស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៣ ដោយ​ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី២៦ និង​បញ្ជប់​នៅ​ថ្ងៃទី២៨ តុលា ឆ្នាំ២០២៣ ។

ក្នុង​ការ​ប្រកួត​ឆ្នាំនេះ សហព័ន្ធខ្មែរ​កី​ឡាហែលទឹក ​បាន​សម្រេច​បន្ថែម​​ការ​ប្រកួត​​​ហែលទឹកពាក់​​ជើង​ទា (FIN Swimming) ទៅ​ក្នុងការ​ប្រកួត​ជ្រើស​រើសជើងឯក​ថ្នាក់ជាតិប្រចាំ​ឆ្នាំ​ ២០២៣​ របស់​ខ្លួន ដើម្បី​ស្វែង​រក​អត្តពលិក​មាន​សមត្ថ​ភាព​ឆ្នើមៗ ចូល​ទៅ​ក្នុងក្រុមជម្រើសជាតិ

ការ​បញ្ចូល​នេះ​ដែរ បន្ទាប់ពី​ប្រភេទ​វិញ្ញាសា​ថ្មី​មួយ​នេះ បាន​បំបែក​កំណត់​ត្រាឈ្នះ​មេដាយ​មាស ជាប្រវត្តិ​សាស្រ្ត​​លើក​ដំបូង ក្នុង​ការ​​ប្រកួត​ស៊ីហ្គេមលើក​ទី​៣២ ឆ្នាំ​ ២០២៣ កាល​ពី​ខែឧសភា ក្រោយពេល​ក្រុម​ហែល​ទឹក​កម្ពុជា ​បាន​​រង់ចាំ​អស់​រយៈពេល​ ៥០ ​ឆ្នាំ។

ការ​ប្រកួត​ត្រូវ​បានធ្វើ​ឡើង​នៅ​អាង​ហែល​ទឹក នៃពហុកីឡដ្ឋានជាតិ ចាប់​ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣។ ​​សម្រាប់​វិញ្ញាសា​ប្រកួត​ និង​កម្រិត​អាយុ​ ដែល​អាច​ចូលរួម​ការ​ប្រកួត​កីឡា​ហែលទឹក​ និង​កីឡា​ហែល​ទឹក​ពាក់​ជើង​ទា​ ជ្រើស​រើ​ស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៣ មាន​ដូច​ខាង​ក្រោម៖

I. សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន
១. ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
២. ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
II. សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន
១. ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ
២. ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ

តារាងចំណាត់ថ្នាក់ ថ្ងៃទី១ នៃការប្រកួតកីឡាហែលទឹក និងកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃព្រហស្បតិ័ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ គឺជា​ការ​ប្រកួត​កម្រិត​បច្ចេក​ទេស​ខ្ពស់​បំផុត​របស់​ថ្នាក់​ជាតិ ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​នានា​បាន​បញ្ចេញ​សមត្ថ​ភាព និង​សម្រិតសម្រាំង​ម្ចាស់​ជ័យ​លា​ភី​ប្រចាំឆ្នាំ​ផង​ដែរ​៕

Share.