បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចូលរួមគ្នាកាត់សំយ៉ាបតូប និងផ្ទះធ្វើផ្លូវថ្នើរជើង នៅក្រុងប៉ោយប៉ែត បានប្រមាណ៨០ភាគហើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា សកម្មភាពដែលអាជ្ញាធរជូនដំណឹង និងធ្វើការវាស់វែងឲ្យកាត់សំយ៉ាបផ្ទះ និងតូបចេញពីចិញ្ចើមផ្លូវដើម្បីធ្វើជាផ្លូវថ្មើរជើង និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ របៀបរៀបរយនៅតាមផ្លូវសាធារណៈ និងធ្វើឱ្យក្រុងមានសោភ័ណ្ឌភាពល្អប្រសើរឡើង រយៈពេលជាង១ខែនេះ ការរុះរើកាត់សំយ៉ាបផ្ទះតូប ចេញពីចិញ្ចើមផ្លូវសាធារណៈ បានប្រមាណ៨០ភាគរយហើយ ជាពិសេសសង្កាត់ប៉ោយប៉ែត សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល។

លោកអភិបាលក្រុង បញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវកាត់យកចិញ្ចើមផ្លូវសាងខាង៥ម៉ែត្រ ដើម្បីធ្វើជាផ្លូវថ្នើរជើង និងផ្លូវកង់ ចំណែកនៅតាមផ្លូវក្នុងៗ ផ្លូវលំនៅតាមទីប្រជុំជន ត្រូវកាត់ចិញ្ចើមផ្លូវសាងខាងចេញ២ម៉ែត្រ សំរាប់ធ្វើផ្លូវថ្មើរជើង ហើយការអនុវត្តន៍ត្រូវធ្វើតាមជំហ៊ានបណ្តើរៗ តែអាជ្ញាធរសមត្ថកិច្ច និងចុះរៀបចំធ្វើសណ្តាប់ធ្នាប់ជាប្រចាំ សំរាប់ចិញ្ចើមផ្លូវដែលកាត់ហើយ មិនអនុញ្ញាតិឱ្យដាក់តាំងលក់ដូរនោះអីវ៉ាន់ ទំនិញផ្សេងៗទៀតទេ។

លោកបានបញ្ជាក់បន្ថែមទៀតថា ការអនុវត្តន៍កាត់សំយ៉ាបតូប និងផ្ទះចេញពីចិញ្ចើមផ្លូវសាធារណៈនេះ គឺអនុវត្តឱ្យបានស្មើភាពគ្នា មិនថាប្រជាពលរដ្ឋធម្មតា អាជ្ញាធរ មន្ត្រីរាជការ ឱ្យតែប៉ះគឺកាត់ហើយ បើមិនកាត់ខ្លួនឯងទេ អាជ្ញាធរនឹងកាត់ជំនួស គឺមិនត្រូវបានលើកលែងនោះទេ។ តែថាកន្លងទៅនេះ ប្រជាពលរដ្ឋ អាជ្ញាធរ មន្ត្រីរាជការ បានចូលរួមតាមការណែនាំដោយកាត់សំយ៉ាបចេញពីចិញ្ចើមផ្លូវដោយខ្លួនឯង ស្ទើរតែទាំងអស់ហើយ៕

អត្ថបទ៖ប៉ោយប៉ែត

Share.