Shintaro Shimizu របស់ភ្នំពេញក្រោន បន្តក្ដីសង្ឃឹមជាម្ចាស់ស្បែកជើងមាស នៅ AFC Cup ពោលគឺបុរសជនជាតិជប៉ុន ម្នាក់នេះតែងតែរកគ្រាប់បាល់ឱ្យភ្នំពេញក្រោ​ន តាំងពីការប្រកួតវគ្គ Play Off ទល់នឹងក្រុម Young Elephants ដោយបានបញ្ចប់ទៅដោយលទ្ធផល ៤-០ ហើយរួបគេរកបាន១គ្រាប់ ខណៈប្រកួតទី២ ទល់នឹង Tampines Rovers រូបគេក៏រកបាន១គ្រាប់ថែមទៀតផង។

ដោយឡែក៣ប្រកួតចុងក្រោយនៅក្នុងពូល F រូបគេបន្តរកគ្រាប់បាល់ បានដោយកាលប៉ះ Cebu រកបាន១គ្រាប់ នៅដីហ្វីលីពីន ប៉ះ Shan United រកបាន ៣គ្រាប់ និងចុងក្រោយនេះ ប៉ះក្រុម MacarThur FC រកបាន ២គ្រាប់។

សូមរំលឹកដែរថា​ ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បន្តយកឈ្នះក្រុម Macarthur FC ក្លិបតំណាងប្រទេសអូស្រ្តាលី ដោយលទ្ធផល ៣-០ នៃពានរង្វាន់កម្រឹតទ្វីប AFC Cup  វគ្គសន្សំពិន្ទុ ក្នុងពូល F កាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈប្រកួតនេះ ជាការប្រកួត៣ ដែលភ្នំពេញក្រោន យកឈ្នះហើយមិនរបូតគ្រាប់បាល់ទាល់តែសោះ។

ងាកមកចាប់អារម្មណ៍អំពីតារាងចំណាត់ថ្នាក់វិញឃើញថា ក្រុមភ្នំពេញក្រោន ឡើងឈរក្នុងកំពូលតារាង ក្រោយឆ្លងកាត់៣ប្រកួតឈ្នះទាំង ៣មាន៩ពិន្ទុ តាមពីក្រោយដោយ Macarthur FC របស់អូស្ត្រាលី ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា តែឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ។ រីឯក្រុម Cebu របស់ហ្វីលីពីន ឈរនៅលេខ៣ ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ចាញ់២ មាន៣ពិន្ទុ ខណៈ Shan United ឆ្លងកាត់ ៣ប្រកួតចាញ់ទាំង ៣ប្រកួត ឈរនៅបាតតារាងពូល F មានសូន្យពិន្ទុ។

សូមជម្រាបថា ក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នឹងបន្តជួប Macarthur FC របស់អូស្រ្តាលីនៅជើងទី២ នៅថ្ងៃទី៩ ខែវិច្ចិការ ឆ្នាំ២០២៣ ពោលគឺចំថ្ងៃបុណ្យឯករាជ្យ កម្ពុជា ដែលការប្រកួតនោះធ្វើឡើនៅក្នុងកីឡដ្ឋានCampbelltown Sports Stadium, ស្ថិតក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី៕

Share.