ពានរង្វាន់​​​ជើង​ឯក​​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង 2021 CONCACAF Gold Cup បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក និង​ក្រុម​ម៉ិចស៊ីកូ គិត​ត្រឹម​​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ក្រោយ​​​យក​ឈ្នះ​គូ​ប្រកួត​ទាំង​វេទនា​រៀងៗខ្លួន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្ត។

ម្ចាស់​ផ្ទះ​អាមេរិក ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​អាស៊ី គឺ​កាតារ ដោយ​លទ្ធផល​១ទល់០ លើ​ទីលាន​កីឡដ្ឋាន Q2 Stadium ក្នុង​ទីក្រុង Austin រដ្ឋ Texas។ គ្រាប់​បាល់​ជ័យជម្នះ​នេះ​រក​បាន​ដោយ​ថ្វី​ជើង​កីឡាករ Gyasi A. Zardes នៅ​នាទី​៨៦ ពោល​គឺ​មុន​ការ​ប្រកួត​បញ្ចប់​៤នាទី។

ចំណែក​ក្រុម​ម៉ិចស៊ីកូ ដែល​​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​សម័យកាល បាន​យក​ឈ្នះ​លើ​ក្រុម​កាណាដា ដោយ​លទ្ធផល​​២ទល់១ លើ​ទីលាន​កីឡដ្ឋាន NRG Stadium នៅ Houston រដ្ឋ Texas។ ដំបូង​ឡើយ​ក្រុម​ម៉ិចស៊ីកូ បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី​៤៥+២ ដោយ​ថ្វី​ជើង​កីឡាករ Pineda តែ​កីឡាករ Buchanan របស់​កាណាដា បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​នាទី​៥៧។ ការ​ប្រកួត​បន្ត​រហូត​ដល់​ម៉ោង​៩០+៩ ទើប​កីឡាករ Herrera ​រក​គ្រាប់​បាល់​ចុងក្រោយ​និង​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ម៉ិចស៊ីកូ តែ​ម្តង។

ពានរង្វាន់ 2021 CONCACAF Gold Cup រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ នៅ​​​១០​កីឡដ្ឋាន ក្នុង​ចំណោម​៩ទីក្រុង​​របស់​​សហរដ្ឋអាមេរិក ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម បែងចែក​ជា​៤ពូល។ ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (បន្ថែម​តំបន់​អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន) ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ៕

Telegram-Troryorng
Share.