ក្រោយរង់ចាំយ៉ាងអន្ទះសាទីបំផុតភាពយន្ត «ភិក្ខុពនេចរ»ដែលជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូ គូ សុភាព បានចេញផ្សាយភាគដំបូងហើយ ដោយទទួលបានការសរសើរយ៉ាងច្រើនប៉ុន្តែអ្នកទស្សនានៅរអ៊ូទើសចិត្តខ្លាំងត្រង់ចំណុចមួយ។
ភាពយន្តអប់រំខ្នាតខ្លី បែបអប់រំផ្លូវចិត្ត លើកតម្កើងព្រះពុទ្ធសាសនារឿង «ភិក្ខុពនេចរ» ដែលជាគំនិតណែនាំឡើងដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានចេញផ្សាយជូនទស្សនាជាផ្លូវការហើយកាលពីថ្ងៃទី១១ខែ មេសា ឆ្នាំ២០២១ ម្សិលមិញនេះនៅលើ Facebook Page Kou Sopheap។

ភិក្ខុពនេចរ (Normadic Monk) ក្នុងភាគដំបូងនេះទទួលបានការសរសើរយ៉ាងខ្លាំងទាំងការរៀបចំតុបតែងឆាក Props សំលៀកបំពាក់ Costumes តួសម្ដែង ប្លង់ថត និង សាច់រឿង គឺអាចនិយាយបានថាមិនមានអ្វីទាស់ខុសគួរឱ្យរិះគន់នោះទេ ប៉ុន្តែអ្នកទស្សនាទើសចិត្តនិងរអ៊ូព្រោះតែរឿងក្នុងភាគដំបូងខ្លីពេកគឺត្រឹមតែ៩នាទីនិង៤៧វិនាទីប៉ុណ្ណោះដែលធ្វើឱ្យអ្នកទស្សនានិយាយថាមើលមិនទាន់ឆ្អែតផងចប់បាត់ទៅហើយ។
យ៉ាងណាមិញរឿងភិក្ខុពនេចរដែលបានផ្សាយលើPage ព្រះគ្រូ គូ សុភាពកាលពីរាត្រីម្សិលមិញនេះគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះមានចំនួន Like ចំនួន ៤,៣ K ចំនួនចុច Shares ១ K និងមានចំនួន Views ៣៩K។ សម្រាប់អ្នកដែលមិនទាន់បានទស្សនាអាចចូលទៅកាន់ផេក Kou Sopheap ដើម្បីទស្សនាបាន។
រឿងភិក្ខុពនេចរនេះដកស្រង់ចេញពីសៀភៅ «ភិក្ខុពនេចរ» របស់លោកសាស្ត្រាចារ្យ ឱម ណាគ្រី ដឹកនាំដោយលោក សួង សុភ័ក្រ និពន្ធអត្ថបទួភាពយន្តដោយ អ្នកនាង បូ សុគន្ធា សម្ដែងដោយលោក ស៊ន ពិសិដ្ឋ លោក ចនស័ក្ដ និង កញ្ញា សុគា គីមលាង និងតារាសម្ដែងទាំងចាស់ថ្មីជាច្រើនរូបទៀត៕