កម្ពុជា ធ្លាប់បានចូលរួមក្នុងពានរង្វាន់វៀតណាមខាងត្បូង ឈ្មោះថា Independence Cup នៅឆ្នាំ១៩៧២ ការប្រកួតបាល់ទាត់ឯករាជ្យរបស់ប្រទេសវៀតណាមខាងត្បូង ឈ្មោះថា South Vietnam Independence Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦១ នឹងត្រូវបានលុបចោលវិញនៅឆ្នាំ ១៩៧៤ ខណ:កម្ពុជា (កាលនោះឈ្មោះ សាធារណរដ្ឋខ្មែរ) ចូលរួមចំនួន២លើក ក្នុងនោះនៅឆ្នាំ ១៩៧២ បានក្លាយជាម្ចាស់ជើងឯក។

ការប្រកួតនៅឆ្នាំ១៩៧២ មានប្រទេសចំនួន៤ ក្នុងនោះមានសិង្ហបុរី, សាធារណៈរដ្ឋខ្មែរ, ម៉ាឡេស៊ី និងម្ចាស់ផ្ទះវៀតណាម ខាងត្បូង នៅទីក្រុងហូជីមិញ (សៃហ្គន) ចន្លោះថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។ ក្រុមទាំង៤ត្រូវចាប់គូគ្នាប្រកួត ហើយក្រុមទាំង៤មានឈ្មោះប្រកួតគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាលទ្ធផលវគ្គនេះ សាធារណរដ្ឋខ្មែរ បានឈ្នះម៉ាឡេស៊ី ១-០ ហើយ វៀតណាមខាងត្បូង យកឈ្នះសិង្ហបុរី ៤-១។ ចូលដល់វគ្គផ្ដាច់ព្រ័ត្រកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះវៀតណាម ២-១ ចំណែកចំណាត់ថ្នាក់លេខ៣ សិង្ហបុរី ឈ្នះម៉ាឡេស៊ី ៣-១។

ប៉ុន្តែរំលង២ឆ្នាំ កម្ពុជា បានអញ្ញើញអោយចូលរួមពានរង្វាន់នេះម្តងទៀត ក្នុងចំណោមក្រុមទាំងអស់មាន៧ក្រុម នៅទីក្រុងហូជីមិញ ដដែល ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៤។ កាលចូលរួមលើកទី២នេះកម្ពុជា ស្ថិតនៅពូល B មានក្លិប Persipura របស់ឥណ្ឌូណេស៊ី និងប្រទេសថៃ ចំណែកពូល A មានវៀតណាម ខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី និងឡាវ។ កម្ពុជា មិនអាចឡើងទៅជុំបន្តបានទេ ក្រោយប្រកួតសន្សំពិន្ទុក្នុងពូល ចាញ់ក្រុម Persipura ដោយលទ្ធផល៣-១ និងស្មើគ្នាជាមួយថៃ ២-២។ ម្ចាស់ជើងឯកនៅឆ្នាំនោះបានទៅវៀតណាមខាងត្បូង ហើយជើងឯករងបានទៅក្រុម Persipura លេខ៣បានទៅតៃវ៉ាន់ ខណៈថៃ ឈរលេខ៤៕

Share.