កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ដូច្នេះថា៖«បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ»។

ក្លិបព្រះខ័នរាជស្វាយរៀង បន្តទៀតថា៖«ក្លិប​អាច​បញ្ជាក់បាន​ថា ​ឥឡូវ​នេះ​យើងបាន​ធ្វើការជាមួយមេធាវី​កីឡា​អន្តរជាតិ​ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ FFC ហើយ​​យើងបាន​ត្រៀម​បញ្ជូនរឿងក្តីនេះបន្តទៅ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) ប្រសិនបើ​ចាំបាច់។ ដោយសារនេះជាករណីផ្លូវច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ»។

គួរដឹងថាកីឡាករសញ្ជាតិប្រេសុីល Gabriel Silva របស់ក្លិប​ព្រះខ័នរាជស្វាយរៀង​ ត្រូវបានគណៈកម្មការវិន័យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យមិនឱ្យចូលរួមការប្រកួតដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។ ការពិន័យនេះត្រូវបានគណៈកម្មការវិន័យបញ្ជាក់ថា ធ្វើឡើងចំពោះសកម្មភាពបង្ហាញអំពីសាសនាលើអាវក្នុងរបស់គេដែលសរសេរថា «100% Jesus» ក្រោយរូបគេរកបានគ្រាប់បាល់បញ្ចូលទីបឹងកេត កាលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)»៕

Share.