នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បានប្រកាសជាផ្លូវការថាក្លិបបាល់ទាត់ភ្នំពេញក្រោន អាចចុះឈ្មោះ Yudai Ogawa ក្នុងនាមជាកីឡាករខ្មែរ ចាប់ពីជុំទី២នេះតទៅ។

ដោយយោងលើជំពូកទី៣ នៃលក្ខន្តិកៈរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ, យោងប្រការ១៣.៣ នៃបទបញ្ជាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ និងយោងលិខិតអនុញ្ញាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

Yudai Ogawa ទើបទទួលបានសញ្ជាតិខ្មែរនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះជុំទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ទល់នឹងប៉ាគីស្ថាន ដោយលទ្ធផលជើងទី១ នៅពហុកីឡដ្ឋានជាតិ ០-០ និងជើងទី២ នៅកីឡដ្ឋាន Jinnah Sport ចាញ់ ១-០។

សមាជិក​ភ្នំពេញ​ក្រោន និង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូប​នេះកើតនៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ បច្ចុប្បន្ន​មាន​វ័យ ២៧ឆ្នាំ មាន​កម្ពស់ ១,៧៤ម៉ែត្រ រូបគេ​កើត​នៅ​ក្នុង​ខេត្ត Kanagawa គឺជា​ខេត្ត​មួយ​របស់​ប្រទេសជប៉ុន ដែល​មាន​ទីតាំង​នៅតំបន់ Kantō នៃទីក្រុង Honshu ប្រទេសជប៉ុន។

Yudai បានចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅ​លីគ​ទី២​នៃ​ប្រទេស​ជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។

ខណ:ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែប​ម្រើក​ណ្តាល​រូប​នេះ​បាន​ចូលរួម​ជា​មួយ​ក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង៕

Share.