ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត»។

រូបភាពពីតេឡេក្រាមសម្តេច ហ៊ុន ម៉ាណែត ។

ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សារព័ត៌មានត្រយងសូមនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងពីប្រវត្តិខ្លះៗនៃការជួសជុលស្ពានខាងមុខប្រាសាទអង្គរវត្តមួយនេះដូចតទៅ។

ស្ពានហាលជាស្ពានសម្រាប់អ្នកទេសចរណ៍ឆ្លងកសិណ(ទឹក)ពីទិសខាងលិចចូលទៅទស្សនាប្រាសាទអង្គរវត្ត។ ស្ពាននេះត្រូវការពេលសម្រាប់ធ្វើការជួសជុលឡើងវិញ ដោយឧបករណ៍សម័យទំនើបតែត្រូវរក្សាភាពដើមរបស់ស្ពានចំណាស់ច្រើនសតវត្សរ៍នេះ។គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មកម្ល៉េះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដើម្បីលើកតម្លៃរក្សាទម្រង់ដើមនៃសំណង់បុរាណមួយនេះឱ្យរឹងមាំឡើងវិញ។

រូបភាពពីតេឡេក្រាមសម្តេច ហ៊ុន ម៉ាណែត ។

មុនសម្រេចចាប់ផ្តើមជួសជុលស្ពានហាលឡើងវិញ សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះក្នុងការធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបនអង្គរ និងការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាដើម។

រូបភាពពីតេឡេក្រាមសម្តេច ហ៊ុន ម៉ាណែត ។

តាមរយៈការធ្វើកំណាយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យស៊ូហ្វីយ៉ា បានស្រាវជ្រាវ និងសន្និដ្ឋានថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានស្រុតនិងខូចខាតផ្នែកជញ្ជាំង ហើយក្រោយមក នៅសម័យក្រោយអង្គរ និងក្នុងសម័យបារាំងក៏ធ្លាប់បានជួសជុលមួយចំនួនដែរ។

ធ្លាប់ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកលោក អន សុភាព មន្ត្រីបច្ចេកទេសផ្នែកបុរាណវិទ្យា បានដឹកនាំការងារធ្វើកំណាយនេះផ្ទាល់បានឲ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយចំនួន២កន្លែងផ្សេងគ្នានៅលើស្ពានហាល។ លទ្ធផលនៃកំណាយនេះ បានរកឃើញពីការវិវត្តលើការងារជួសជុលស្ពានហាលនេះដែលធ្លាប់បានធ្វើឡើងតាំងពីក្រោយអង្គរ។ ជារួម លទ្ធផលកំណាយ និងឯកសារដែលនៅសេសសល់ ក្រុមការងារបានរកឃើញថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តធ្លាប់បានជួសជុលចំនួន៤ដំណាក់កាលរួចមកហើយ។

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។

លោកបញ្ជាប់ថា ដំណាក់កាលទី១គឺ ការជួសជុលដែលធ្វើឡើងក្នុងសម័យក្រោយអង្គរ។ ដំណាក់កាលទី២ គឺដើមទសវត្សទី៥០ ដែលជួសជុលដោយបារាំង នៅចំហៀងខាងជើងផ្នែកខាងកើត ដែលពេលនោះ គឺការជួសជុលមានប្រើបេតុងច្រើន។ ដំណាក់ទី៣ គឺខាងដើមទសវត្សទី៦០ ដែលត្រូវបានជួសជុលដោយបារាំងដែរ នៅពាក់កណ្តាលផ្នែកខាងត្បូង។ ដំណាក់កាលទី៤ ពីឆ្នាំ១៩៩៦-២០០៧ ដែលជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ារួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងដំណាក់កាលទី១។

ដោយឡែកគម្រោងជួសជុលដែលធ្វើឡើងដោយអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យសូហ្វី យ៉ាបច្ចុប្បន្ននេះ គឺធ្វើឡើងទៅផ្នែកខាងជើងដំណាក់កាលទី២ដែលមានប្រវែង១០០ម៉ែត្រ។

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។

តាមការបញ្ជាក់របស់លោក អន សុភាព លទ្ធផលនៃកំណាយស្ពានហាលក្នុងដំណើរការជួសជុលដំណាក់កាលទី២ ដែលមានការបើករណ្តៅកំណាយចំនួន២កន្លែង បានបង្ហាញថា ស្ថានភាពស្ពានហាលមានភាពច្របូលច្របល់ ដោយការជួសជុលក្នុងសម័យក្រោយអង្គរ មិនបានរៀបថ្ម ក៏ដូចជាការពង្រឹងគ្រឹះឲ្យបានត្រឹមត្រូវ គ្រាន់តែប្រមូលកំទេចកំទីដែលមានស្រាប់នៅទីនោះចាក់បំពេញតែប៉ុណ្ណោះ។ ចំណែកថ្មបាយក្រៀមមាន១១ស្រទាប់ ដែលជាជញ្ជាំងស្ពានហាលនោះ ក៏រងការពុកផុយដោយសារអាយុកាលផងដែរ។ មានតែនៅស្រទាប់ទី៤ឡើងតែប៉ុណ្ណោះ តែស្ថានភាពថ្មនៅល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់លោក អន សុភាព។

ទន្ទឹមនឹងការបញ្ជាក់វឌ្ឍនភាពនៃការងារជួសជុល ប្រធានការដ្ឋានជួសជុលស្ពានហាលរូបនេះ ក៏លើកឡើងពីបញ្ហាប្រឈមខ្លះដែលបានកើតឡើងក្នុងអំឡុងពេលជួសជុលដែរ ដែលមានដូចជាការរីករាលដាលនៃជំងឺកូវីដ-១៩ ទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។ 

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។

រដ្ឋាភិបាលប្រទេសជប៉ុនបានចំណាយថវិកាអស់ចំនួន២៦លានដុល្លារក្នុងការជួសជុល និងអភិរក្សតំបន់រមណីយដ្ឋានអង្គរវត្ត ដែលរួមមានស្ពានហាលដ៏ទ្រុឌទ្រោម ហើយដែលជាច្រកដ៏សំខាន់ចូលប្រាសាទអង្គរវត្តពីទិសខាងលិច។ការជួសជុលស្ពានហាលនៅដំណាក់កាលថ្មីនេះ ប្រទេសកម្ពុជានឹងចំណាយថវិកាបដិភាគចំនួន៨២០.០០០ដុល្លារសម្រាប់ការងារបច្ចេកទេស ពលកម្ម និងសម្ភារៈបន្ថែម។ ចំណែកជប៉ុននឹងចំណាយ៧៦៧.០០០ដុល្លារ ជាគ្រឿងចក្រស្ទូចទំនើបៗ។

ស្ពានហាលនេះមានប្រវែង១៩០ម៉ែត្រ ទទឹងជាង១១ម៉ែត្រ និងកម្ពស់ជាង៤ម៉ែត្រ។ ស្ពាននេះសាងពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគទាំងសងខាងយ៉ាងល្អឯក។ ស្ពានបុរាណនេះគឺជាច្រកចូលដ៏សំខាន់ទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលភ្ញៀវទេសចរយ៉ាងតិច៥លាននាក់ក្នុងមួយឆ្នាំៗ។

រូបភាពពីតេឡេក្រាមសម្តេច ហ៊ុន ម៉ាណែត ។

អតីតព្រះមហាក្សត្រកម្ពុជាសម្តេចព្រះ នរោត្តម សីហនុ ធ្លាប់បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារ និងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់កាលពីឆ្នាំ១៩៩៣។ ឆ្លើយតបនឹងការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ICC-Angkor ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានប្រទេសជប៉ុន និងប្រទេសបារាំងជាសហប្រធាន។ ជាបន្តបន្ទាប់ មានប្រទេសចំនួន២៣បានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការសង្គ្រោះ និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ៕

Share.