សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ 

ទន្ទឹមនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនេះ សម្ដេចតេជោ ហ៊ុន សែន បាននាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំង ជាផ្នែកមួយផ្ដល់ទំនុកចិត្តដល់សាធារណជន។

ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងនៅពេលនេះ គឺជាការបើកផ្លូវចាក់វ៉ាក់សាំងសម្រាប់កុមារ នៅរាជធានី​ ខេត្តកណ្ដាល ក្រុងព្រះសីហនុ និងខេត្តកោះកុង។

ការចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ គឺនឹងចាក់វ៉ាក់សាំងសម្រាប់កុមារប្រមាណជា ២លាននាក់ ជាផ្នែកមួយ បើកផ្លូវ ឈានទៅបើកសាលារៀន។

ប្រទេសកម្ពុជាមកទល់នឹងពេលនេះ មានអ្នកចាក់វ៉ាក់សាំងសរុបប្រមាណជាជាង ៧លាននាក់ ក្នុងចំណោម ១០លាននាក់៕

Share.