ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣១ កក្កដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងល្បាត ចុះត្រួតពិនិត្យ តាមគោលដៅអនុវត្តវិធានការ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពចរាចរ ការងារ មុខរបរ អាជីវកម្មនានាក្នុងចន្លោះម៉ោង២១ដល់ម៉ោង៣ភ្លឺ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ។

ការចុះល្បាតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងមក បានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល បម្រាមគោចរ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា។

ដោយឡែកនៅគោលដៅ ផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន មុខផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឃើញថា មួយរយៈពេលនេះ ក្រុមអ្នកលក់ដូរ អាជីវករ លក់បន្លែពេលយប់ ឈប់ចត រុឺម៉ក រថយន្ត យកផ្លូវជាតិលេខ៤ ចិញ្ចើមផ្លូវ ធ្វើជាទីតាំងលក់ដូរ បង្កឲ្យគ្មានសណ្តាប់ធ្នាប់ បង្កឲ្យភាពរញ៉េរញ៉ៃ តាមដងផ្លូវ ប្រឈមគ្រោះថ្នាក់ផ្សេងៗ ដោយមើលឃើញនូវសកម្មភាព ក្រុមអ្នកលក់ដូរ បែបនេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ចុះណែនាំ ឲ្យរើចេញ ផ្អាកជាបណ្តោះអាសន្ននៅការលក់ដូរក្នុងអំឡុងពេលដែលបានកំណត់ ។

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.