អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ ថា តំបន់ហ្កាហ្សាកំពុងក្លាយជា «ទីបញ្ចុះសពសម្រាប់កុមារ» ដោយបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ ដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងលើសពី ១០,០០០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា «ប្រតិបត្តិការលើផ្លូវគោកដោយកងកម្លាំងការពារអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ កំពុងវាយប្រហារជនស៊ីវិល មន្ទីរពេទ្យ ជំរុំជនភៀសខ្លួន វិហារអ៊ីស្លាម ព្រះវិហារ និងកន្លែងរបស់អង្គការសហប្រជាជាតិ – រួមទាំងទីជម្រកនានា។ ក្នុងពេលជាមួយគ្នានេះ ក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតបានប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស និងបន្តបាញ់គ្រាប់រ៉ុក្កែតដោយមិនរើសអើងឆ្ពោះទៅរកប្រទេសអ៊ីស្រាអែលវិញផងដែរ»។

ទាក់ទិននឹងបញ្ហានេះ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីឈានទៅរកផ្លូវបញ្ចប់នៃសង្រ្គាមមួយនេះ។ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា «តំបន់ហ្គាហ្សា កំពុងក្លាយជាទីបញ្ចុះសពរបស់កុមារ។ ក្មេងប្រុស ស្រី រាប់រយនាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ»។

យ៉ាងណាម៉ិញ ទាំងភាគី​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា សុទ្ធតែបាន​បដិសេធ​ចំពោះសម្ពាធ​អន្តរជាតិ​ ដែល​អំពាវ​សម្រាប់​បទ​ឈប់​បាញ់ ដោយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា គ្មានបទឈប់បាញ់ឡើយ ប្រសិនបើមិនដោះលែងចំណាប់ខ្មាំងជាង ២០០នាក់ ដែលក្រុមហាម៉ាសបានចាប់ទៅក្នុងអំឡុងពេលនៃការវាយឆ្មក់ នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ជាមុនសិន។

ជាមួយគ្នា ក្រុមសកម្មប្រយុទ្ធហាម៉ាស់និយាយថា ខ្លួននឹងមិនដោះលែងពួកគេ ឬបញ្ឈប់ការប្រយុទ្ធគ្នាទេ ខណៈតំបន់ហ្គាហ្សា កំពុងស្ថិតនៅក្រោមការវាយលុកពីភាគីអ៉ីស្រាអែលនៅឡើយ។

ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ហ្គាហ្សា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់ ​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ១០,០២២​នាក់ ​នៅតំបន់​ហ្គាហ្សា ​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ការវាយបករបស់អ៉ីស្រាអែលកាលពីថ្ងៃទី២៧ ខែតុលា មក ​ក្នុង​នោះ​មាន​កុមារ​ចំនួន​ ៤,១០៤នាក់បានស្លាប់។

ដោយឡែកអង្គការអន្តរជាតិបាននិយាយថា មន្ទីរពេទ្យមិនអាចទប់ទល់នឹងអ្នករបួសបានទេ ហើយអាហារ និងទឹកស្អាតកំពុងចាប់ផ្ដើមអស់ជាមួយនឹងជំនួយមនុស្សធម៌។

ស្របពេលនេះដែរ សហរដ្ឋ​អាមេរិក ​កំពុង​ជំរុញ​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ការ​ផ្អាក​ក្នុង​ជម្លោះ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្សធម៌ចូលដល់តំបន់រងគ្រោះ និងកាត់បន្ថយចំនួនជនស៊ីវិលស្លាប់ និងរបួស។ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីការផ្អាកបែបនេះ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃចន្ទ ដោយបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះអ៊ីស្រាអែល នៅពេលដែលសង្កត់ធ្ងន់ថា ខ្លួនត្រូវតែការពារជនស៊ីវិល៕

ប្រភព៖ CNA

Share.