នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «អ៊ីស្រាអែលនឹងពិចារណា ការផ្អាកជាយុទ្ធសាស្ត្ររយៈពេលខ្លី ក្នុងការប្រយុទ្ធ ដើម្បីជួយសម្រួលដល់ការដឹកនាំជំនួយចូល ឬការចាកចេញនៃចំណាប់ខ្មាំងពីតំបន់ហ្គាហ្សាស្រ្ទីប ប៉ុន្តែលោកបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាថ្មីម្តងទៀត ទោះបីជាមានសម្ពាធកាន់តែខ្លាំងពីអន្តរជាតិក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News នាថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងបទសម្ភាសន៍ លោក Netanyahu បានគូសបញ្ជាក់ថា អ៉ីស្រាអែលបានប្ដេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា ដោយបន្ថែមថា អ៉ីស្រាអែលបានដណ្ដើមយកតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងបានកំណត់គោលដៅដើម្បីវាយប្រហារក្រុមហាម៉ាស ដែលលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី។

យ៉ាងណាម៉ិញ ទាំង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ​បាន​ច្រានចោលដូចគ្នាចំពោះ​ការ​អំពាវនាវ​ឱ្យ​មានបទឈប់បាញ់ បញ្ឈប់​ការ​ប្រយុទ្ធ ដោយអ៊ីស្រាអែល​និយាយ​ថា បទឈប់បាញ់អាចនឹងកើតមាន ដរាបណាចំណាប់ខ្មាំង​ទាំងនោះត្រូវ​បាន​ដោះលែង​ជា​មុន​សិន។ ចំណែកក្រុមហាម៉ាស ក៏បានបញ្ចាក់ដែរថា ខ្លួននឹងមិនដោះលែងពួកគេ ឬបញ្ឈប់ការប្រយុទ្ធគ្នាទេ ប្រសិនបើអ៉ីស្រាអែល នៅតែបន្តការទម្លាក់គ្រាប់បែក ឬវាយប្រហារលើតំបន់ហ្កាហ្សា។

លោក Netanyahu បាននិយាយថា បទឈប់បាញ់ជាទូទៅនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ប្រទេសលោក ប៉ុន្តែការផ្អាកការប្រយុទ្ធគ្នាសម្រាប់ហេតុផលមនុស្សធម៌ ដែលជាគំនិតមួយដែលគាំទ្រដោយសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក នឹងបន្តត្រូវបានពិចារណាដោយផ្អែកលើកាលៈទេសៈ។

សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីការផ្អាកបែបនេះ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Netanyahu កាលពីថ្ងៃចន្ទ ដោយបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ខ្លួនត្រូវតែការពារជនស៊ីវិល។ យ៉ាងណាក៏ដោយ អ៊ីស្រាអែល និងទីក្រុងវ៉ាស៊ីនតោនបារម្ភថា ក្រុមហាម៉ាសនឹងទាញយកផលប្រយោជន៍ពីបទឈប់បាញ់ពេញលេញ ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ។

សូមជម្រាបថា ចាប់តាំងពីក្រុមហាម៉ាស់ បានវាយឆ្មក់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនស៊ីវិល ១,៤០០នាក់ និងចាប់ប្រជាជនអ៉ីស្រាអែល និងជនបរទេសធ្វើជាចំណាប់ខ្មាំងចំនួន ២៤០នាក់នោះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចូលទៅក្នុងតំបន់ហ្គាហ្សា ដែលក្រុមមន្ត្រីសុខាភិបាលហ្គាហ្សា បាននិយាយថា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១០,០២២នាក់ រួមទាំងកុមារចំនួន ៤,១០៤ផងដែរ។ មិនតែប៉ុណ្ណោះអង្គការអន្តរជាតិបានលើកឡើងថា មន្ទីរពេទ្យទាំងអស់ក្នុងតំបន់ហ្កាហ្សាសឹងតែលែងមានសមត្ថភាពព្យាបាលអ្នករងរបួស រីឯប្រជាជន ហ្កាហ្សា កំពុងខ្វះខាតចំណីអាហារ ទឹកស្អាត និងអគ្គិសនី ដោយសារតែការបិទខ្ទប់របស់អ៉ីស្រាអែល៕

ប្រភព៖ US News

Share.