តបតាមការអញ្ជើញរបស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត ក្លិបបាល់ទាត់វិសាខា នឹង​បញ្ជូន​ក្រុម​យុវជន​អាយុ​ក្រោម ១៤ឆ្នាំ ចូល​រួមប្រកួត​ពានរង្វាន់យុវជនអន្ដរជាតិ​អាយុក្រោម ១៤ឆ្នាំ ប្រចាំ​ខេត្ត​សៀម​រាប (U14 XO Siem Reap International Youth Cup 2023) ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប។

សម្រាប់ការប្រកួតពានរង្វាន់យុវជនអន្ដរជាតិ លើទឹកដីអង្គរនេះ សៀមរាបយូណាយធីត នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​មានក្រុមយុវជន ៤ក្លិប មកពី ៣ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះ U14 សៀម​រាបយូណាយធីត និងក្រុមយុវជន U14 វិសាខា។

ការប្រកួតនេះ មានការចូលរួមពីក្រុមបាល់ទាត់ថ្នាលធំ ២របស់ប្រទេសថៃ គឺ Buriram United Academy និង Chonburi FC Academy រួមនឹងក្រុមបាល់ទាត់ថ្នាលពីប្រទេសសិង្ហបុរី Lion City Sailors។

សម្រាប់​អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ពិសេសបងប្អូនប្រជាពលរដ្ឋ និង​យុវ​ជន​រស់​នៅ​ខេត្ត​សៀម​រាប នឹងចូលរួមទស្សនាការប្រកួតពានរង្វាន់ U14 XO Siem Reap International Youth Cup 2023 ឲ្យ​បានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមយុវជន និង​រួមចំណែក​អភិ​វឌ្ឍន៍​វិស័យ​កីឡា​បាល់​ទាត់កម្ពុជាផង។

សូមបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់យុវជន របស់ខេត្តសៀមរាប និងរបស់ប្រទេសកម្ពុជាទាំងមូល៕

Share.