ក្រុមបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Colum Curits បន្តរងបរាជ័យក្រោមថ្វីជើង Yokohama F.Marinos របស់ជប៉ុន ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Rizal Memorial កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា នៃពានរង្វាន់ AFC Champions League រដូវកាល ២០២៣-២៤ វគ្គជម្រុះពូល G។

នេះគឺជាការចាញ់ ៤ប្រកួតជាប់ៗគ្នា នៅពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអាស៊ី AFC Champions League ឈរបាតតារាង មានសូន្យពិន្ទុ អស់ឱកាសឡើងទៅវគ្គបន្ត ទោះបីនៅសល់២ប្រកួតទៀតយ៉ាងណាក្តី។

ក្រៅពីក្រុមបាល់ទាត់ Kaya F.C.–Iloilo របស់ហ្វីលីពីន ក៏មានក្រុម BG Pathum United របស់ថៃ អស់ឱកាសឡើងទៅវគ្គបន្តដូចគ្នា ក្រោយឆ្លងកាត់ ៤ប្រកួត ចាញ់ទាំង៤ នៅពូល I នៃពានរង្វាន់ AFC Champions League។ ស្របពេលក្រុម Ha Noi FC របស់វៀតណាម លេង៣ប្រកួត ចាញ់ទាំង៣ នៅពូល J។

គួរដឹងថាលោក Colum Curits ត្រូវបានក្លិបបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន (Philippines Football League) តែងតាំងជាគ្រូបង្គោល កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ជំនួសកៅអីលោក Graham Harvey។

លោក Colum Curtis ជនជាតិអៀរឡង់ ធ្លាប់​ចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមមួយនេះឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន៕

Share.