សិល្បៈ​អន្តរជាតិ៖  តាមរយៈ​សារព័ត៌មាន​ថៃ​បានចេញ​ផ្សាយ​នាពេលថ្មីៗនេះ​ឱ្យដឹងថា តារាចម្រៀង​ស្រី​សិច​ស៊ី​ជួរមុខ​នៅ​ប្រទេស​ថៃ​គឺ នាង Kratae បាន​រអិលដួល​នៅក្នុង​បន្ទប់​ដូរ​សម្លៀកបំពាក់​នៅលើ​ទូក​ខណៈ​ចុះ​ថតរូប ក៏​បណ្ដាលឱ្យ​បែក​ចង្កា ហូរឈាម រហូតដល់​ថ្នាក់​ដេរ​អស់៥ថ្នេរ។ ហេតុនេះ​កើតឡើង​នៅពេល​នាង​ទើបតែ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ទីក្រុង Venice ប្រទេស​អ៊ីតាលី។

តាមរយៈ​ការ​បង្ហោះ​របស់​តារាចម្រៀង​ស្រី​ម្ចាស់​បទ Meri នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​បានឱ្យដឹងថា នៅពេល​នាង​កំពុងតែ​ថត​វីដេអូ​សម្រាប់​ផលិត​មាតិកា​ប្រ​ម៉ូដ​ផ្សព្វផ្សាយ​ពី​ផលិតផល​ក្រែ​ម​លាប​បបូរមាត់​ជា​ផលិតផល​របស់​ក្រុមហ៊ុន​នាង​ផ្ទាល់ ដែល​តម្រូវឱ្យ​នាង​ថត​នៅលើ​ទូក។ ស្រាប់តែ​ពេលនោះ នាង​បាន​រអិលដួល​នៅក្នុង​បន្ទប់​សម្រាក​តែងខ្លួន ដោយ​ចង្កា​របស់​នាង​បាន​បុក​ត្រូវ​ជាមួយនឹង​វី​ស​ចង្កៀង​ដ៏​មុត​ស្រួច រហូត​ធ្វើឱ្យ​របួស​មានមុខ​ជ្រៅ សាច់​របួស​រហែក​ចេញ​ធំ​ខ្លាំង ហូរឈាម​ច្រើន​ស្រោច​លើ​ពាសពេញ ទើប​ធ្វើឱ្យ​នាង និង​ក្រុមការងារ​ភ័យរន្ធត់​សន្ល​ន់​ស្លោរ​យ៉ាងខ្លាំង។ ក្រោយ​ហេតុការណ៍​នេះ នាង​ត្រូវបាន​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ភ្លាម និង​បាន​ដេរ​សាច់​មុខរបួស​រហូតដល់​ទៅ ៥ ថ្នេរ ។

តារាចម្រៀង​ស្រី​រូបនេះ​បាន​និយាយ​ក្នុង​វីដេអូ​បង្ហោះ​នៅលើ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​ថា ពេលនេះ​នាង​មិនអាច​ងើយ​មុខ​ឡើងលើ​បាន​ខ្លាំង​ទេ ព្រោះ​នៅ​សភាព​ឈឺចាប់​ក្នុង​ចង្កានៅឡើយ។ រីឯ​អ្នកគាំទ្រ​របស់​នាង​វិញ​បាន​បញ្ចេញមតិ​ថា នេះ​គឺជា​គ្រោះអាក្រក់​ដែល​បាន​កើតឡើង​ចំពោះ​Kratae តែ​សំណាងល្អ​ហើយ​ដែល​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត។

គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ ២០២១ តារាចម្រៀង​ស្រី​រូបនេះ​ធ្លាប់​ជួប​គ្រោះថ្នាក់​រអិលដួល​នៅ​អាងទឹក បណ្ដាលឱ្យ​បែក​ស្មងជើង​រហូត​ត្រូវការ​វះកាត់​បន្ទាន់ និង​ដេរ​អស់ ១២ ថ្នេរ​ផងដែរ៕

Share.