នៅថ្ងៃព្រហស្បិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាន​ប្រកាស​ចែក​ផ្លូវ​ជា​មួយ​ខ្សែ​ប្រយុទ្ធអេស្ប៉ាញ Victor Blasco មុនទីផ្សារដោះដូរកីឡាករ ៥ថ្ងៃ ក្រោយ​ចូល​រួម​ជា​មួយ​ក្រុម​កាល​ពី​ដើម​រដូវ​កាល​ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា នៃពានរង្វាន់ Cambodian Premier League 2023-2024។​

ក្នុងនោះអង្គរថាយហ្គឺរ បានថ្លែងក្នុងសេចក្តីប្រកាសថា៖ «យើងត្រូវបានឈានដល់​កិច្ចព្រម​ព្រៀង​សម្រេច​ចិត្ដចែកផ្លូវគ្នាជាមួយកីឡាករ Victor Blasco ។ វាជាការសម្រេចចិត្តដ៏លំបាកសម្រាប់ក្លិប ដែល​ការសម្រេចចិត្តនេះមានការព្រមព្រៀងគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា តាង​នាម​ក្លិប​អង្គរ​ថាយ​ហ្គឺរ និងសមាជិកមិត្តរួមក្រុម សូមថ្លែងអំណរគុណទៅកាន់កីឡាករ Victor Blasco សម្រាប់​ពេល​វេលា​ល្អៗក្នុងការរស់នៅជាគ្រួសារតែមួយ និងការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក ។ សូមជូនពរ Blasco ជួបតែសំណាងល្អ និង​ទទួល​បានជោគជ័យ​ក្នុង​អាជីព​រួម​ក្រុម​ផ្សេង​ទៀត​នា​ថ្ងៃ​អនា​គត»។

ខ្សែប្រយុទ្ធ Victor Blasco ជាអតីតកីឡាករ Deportivo y Social VIDA ម្ចាស់ជើងឯក ២សម័យ​លីគ​កំពូល​ហុងឌូរ៉ាស មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទី២ នៃពានរង្វាន់ Cambodian Premier League 2022។ កីឡាករ​វ័យ២៧ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយ​រូប​នេះមានដើមកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តួនាទី​ជាខ្សែប្រយុទ្ធស្លាបឆ្វេង មានកម្ពស់ ១.៧៨ម៉ែត្រ។

គួរដឹងថា Victor ​គឺជាមិត្តភក្តិ​ដ៏​ជិត​ស្និតរបស់ Marcus Haber អំឡុង​ពេល​ដែល​គេប្រ​កបអា​ជីពបាល់ទាត់នៅក្របខណ្ឌ Canadian Premier League លីគកំពូលកាណាដា Pacific FC និងនៅព្រះខ័នរាជស្វាយរៀង ក្របខណ្ឌ Cambodian Premier League លីគកំពូលកម្ពុជា។

រំលឹក​ថា ក្រុមហ៊ុន Cambodian Premier League បាន​ចេញ​ផ្សាយ​ពី​កាល​បរិច្ឆេទ​នៃការ​ផ្ទេរ​កីឡាករ​ជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) សម្រាប់ តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។

ខ្លឹមសារ​សង្ខេប​នៅ​លើ​សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​ទីផ្សារដោះដូរកីឡាករលើកទី២ នឹង​បើក​ទ្វារ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយ​ក្នុងនោះ​ក្លិប​ជា​សមាជិក​អាច​បន្ថែម​កីឡាករ​ក្នុង​ក្រុម​ខ្លួន​បាន​៖
កីឡាករជាតិ ៦រូប
កីឡាករអន្តរជាតិ ៣រូប

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោម​ការ​ដឹក​នាំ​របស់​លោក នី យុទ្ធ ជា​គ្រូប​ង្គោល ( បណ្ដោះអាសន្ន) កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី៩ ក្នុង​តារាង​ចំណាត់​ថ្នាក់ លីគកំពូលកម្ពុជា ដោយ​ឆ្លង​កាត់ ១០ប្រកួត ឈ្នះ ២ ស្មើ១ និងចាញ់ ៧ប្រកួត ស៊ុត​បាន ៩គ្រាប់ របូត​ ២១គ្រាប់​ មាន ៧ពិន្ទុ៕

Share.