មន្ទីរពេទ្យធំៗចំនួន ២ទៀតនៅតំបន់ហ្គាហ្សាបានបិទទ្វារសម្រាប់ការព្យាបាលអ្នកជំងឺថ្មីៗ កាលពីថ្ងៃអាទិត្យ ដោយបុគ្គលិកនិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បូករួមទាំងការខ្វះខាតប្រេងឥន្ធនៈ អគ្គិសនី និងថ្នាំពេទ្យ មានន័យថា ទារក និងអ្នកជំងឺកាន់តែច្រើនអាចប្រឈមនឹងការបាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បុគ្គលិកពេទ្យបាននិយាយថា មន្ទីរពេទ្យនៅតំបន់ភាគខាងជើងនៃប្រទេសប៉ាឡេស្ទីន ត្រូវបានរារាំងដោយកងកម្លាំងអ៊ីស្រាអែល ហើយស្ទើរតែមិនអាចមើលថែទាំអ្នកសម្រាកព្យាបាលបាននោះទេ។ ដោយឡែក ភាគីអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងកាន់កាប់ក្នុងតំបន់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយមន្ទីរពេទ្យគួរតែត្រូវបានជម្លៀសចេញពីតំបន់ដ៏ក្ដៅគគុកនេះ។

មន្ទីរពេទ្យធំជាងគេចំនួន២ របស់តំបន់ហ្គាហ្សាគឺ មន្ទីរពេទ្យ Al-Shifa និង Al-Quds បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការ ដោយមានមនុស្សស្លាប់ និងរបួសកាន់តែច្រើនជារៀងរាល់ថ្ងៃ ហើយមន្ទីរពេទ្យបាននឹងកំពុងខ្វះខាតថាមពលអគ្គិសនី ថ្នាំពេទ្យ និងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកសម្រាកព្យាបាលជំងឺទូទៅ និងអ្នករងរបួស។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទារក៣នាក់ និងអ្នកជំងឺជាង ១០នាក់ផ្សេងទៀត បានស្លាប់កាលពីចុងសប្តាហ៍។

ចំណែកឯវេជ្ជបណ្ឌិត Marwan Abusada គ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ និងជាប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្រសួងសុខាភិបាលផងដែរ បាននិយាយកាលពីថ្ងៃសៅរ៍ថា ទារកម្នាក់បានស្លាប់ ដោយសារតែមិនមានអគ្គិសនីគ្រប់គ្រាន់ ហើយវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ពីការស្លាប់របស់ទារក២នាក់ទៀត កាលពីថ្ងៃអាទិត្យ។ ទន្ទឹមនោះ មានទារក៣៦នាក់​ទៀត កំពុង​មាន​ហានិភ័យ ប្រសិន​បើ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​នេះ ពួកគេ​នឹង​ស្លាប់​ទាំងអស់។

ដោយឡែកលោកស្រី Mai Al-Kaila រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា «ពេលនេះ មន្ទីរពេទ្យត្រូវឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ គ្មានការផ្តល់ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតឡើយ ហើយលទ្ធផល គឺជាការស្លាប់របស់អ្នកជំងឺរាប់ពាន់នាក់»។ លោកស្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដកការឡោមព័ទ្ធលើមន្ទីរពេទ្យ និងបញ្ឈប់សង្រ្គាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ដែលកំពុងសម្រាប់ព្យាបាល។

ទាក់ទិននឹងបញ្ហានេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom បាននិយាយថា «អង្គការសុខភាពពិភពលោក (WHO) បានគ្រប់គ្រង ដើម្បីស្តារទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកសុខភាពនៅមន្ទីរពេទ្យ Shifa ដោយបន្ថែមថា ស្ថានភាពនេះគឺ «ធ្ងន់ធ្ងរ និងគ្រោះថ្នាក់» ជាមួយនឹងការបាញ់ទម្លាក់មីស៊ីលឥតឈប់ឈរ ដែលធ្វើឱ្យស្ថានភាពក្នុងតំបន់ហ្គាហ្សាកាន់តែយ៉ាប់យឺនរួចទៅហើយ»។ លោកបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថា «គួរឱ្យសោកស្ដាយ ចំនួនអ្នកជំងឺដែលបាត់បង់ជីវិតបានកើនឡើងយ៉ាងគំហុក ហើយមន្ទីរពេទ្យមិនអាចដំណើរការដូចពីមុនទេ»។

សូមជម្រាបថា បច្ចុប្បន្ន មានមន្ទីរពេទ្យចំនួន២០ ក្នុងចំណោមមន្ទីរពេទ្យទាំង៣៥ នៅក្នុងតំបន់ហ្គាហ្សា គឺលែងដំណើរការទៅហើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ ដែលបណ្ដាលមកពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស៕

ប្រភព៖ CNA

Share.