​សិល្បៈ​ជាតិ​៖ មួយ​រយៈ​មក​ហើយ​ដែល​អ្នក​គាំទ្រ និង​អ្នក​តាមដាន​ អ្នក​នាង​ ទូច ស្រីល័ក្ខ​សង្កេត​ឃើញ​ថា​ អ្នក​នាង​ និង​​អ្នក​កំលោះ​រូប​សង្ហា វង ជីវ័ន្ត​ អតីត​បេក្ខជន​ដ៏​លេចធ្លោ​មួយ​រូប​នៃ​កម្មវិធី​ The Voice Cambodia រដូវ​កាល​ទី​៣ បាន​បង្ហាញ​តម្រុយ​ស្និតស្នាល​ និង​មាន​ភាព​ស្អិត​ល្មួត​ជាមួយ​គ្នា ជាពិសេស​ទៀត​នោះ​គឺ​ អ្នក​នាង គឺជា​តួ​​ឯក​ស្រី​ក្នុង​បទ​ចម្រៀង​ cover ដ៏​ពីរោះ​ ដែល​ទើប​តែ​ចេញ​ឱ្យ​អ្នក​​និយម​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

បទ​ចម្រៀង​ Cover យូរយ៉ាងណា​ក៏​ចាំ​ សំនៀងដើម​របស់​លោក ណុប បាយ៉ារិទ្ធ​ ដែល​បាន​ចេញ​នៅ​ក្រោម​ដំបូល​ផលិត​កម្ម VL Media Cambodia របស់​អ្នក​នាង​ ទូច ស្រីល័ក្ខ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ព្រោះ​តែ​ទឹក​ដម​សំឡេង​ដ៏ពីរោះ​របស់​ អ្នក​កំលោះ​មក​ពី​ខេត្ត​បាត់​ដំបងរូប​នេះ​។ យ៉ាងណា​មិញ​គេ​សង្កេត​ឃើញ​ថា​ អ្នក​មេម៉យដ៏​ស្រស់​សោភា ដែល​ទំនង​ជា​បិទ​បេះដូង​លែង​ទទួល​យក​ស្នេហា​រូប​នេះ​ ហាក់​ដូច​ជា​ផ្ដល់​នូវ​ភាពស្និទ្ធស្នាល​ជាពិសេស​​ជាមួយ​នឹង​អ្នកកំលោះ​ វង ជីវ័ន្ត រហូត​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ ដាក់​ការ​សង្ស័យ​ថា​ ម្ចាស់​ផលិតកម្ម​ និង​ជា​តួ​ឯក​ស្រី​នៃ​វីដេអូ​ចម្រៀង​​នេះ​ និង​អ្នក​ចម្រៀង​កំលោះ​រូប​សង្ហា​ មាន​ទំនាក់ទំនង​គ្នា​ពិសេស​លើស​ពី​មិត្តភក្តិធម្មតា​ឬ​ក៏​យ៉ាងណា​ដែរ? ព្រោះ​នៅ​ក្នុង​ឈុត​ឆាក​នៃ​ការ​សម្ដែង​ បាន​បង្ហាញ​នូវ​រូបភាពផ្អែម​ល្ហែម​ជា​ច្រើន។ ជាង​នោះ​ទៀត​ អ្នក​នាង​ថែម​ទាំង​បង្ហោះ​រូប​ភាព​ស្និតស្នាលដក​ស្រង់​ចេញ​ពី​ឈុត​មួយ​នៃ​បទ​ចម្រៀង​​ជាមួយ​នឹង​អ្នក​កំលោះ​វ័យ​២៤ឆ្នាំ​ ព្រម​ជាមួយ​នឹង​ Caption គួរ​ឱ្យ​សង្ស័យ​ទៀត​ថា​៖ «គ្រប់យ៉ាងសុទ្ធតែមានហេតុនឹងផល ចូលមើលថែនាងឱ្យ​បានល្អ ព្រោះ​មនុស្សល្អពិបាករកណាស់ កុំឱ្យបាត់បង់ទើបស្តាយក្រោយ» ដែល​កន្លង​មក​គេ​សង្កេត​ឃើញ​ថា​អ្នក​នាង​ ទូច ស្រីល័ក្ខ​កម្រ​នឹង​បង្ហាញ​រូប​ភាព​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​​ខ្លាំង​ណាស់​។

យ៉ាងណា​មិញ​ ក្រុម​ការងារ​សារព័ត៌មាន​ត្រយង​បាន​ទំនាក់ទំនង​ទៅ​កាន់​អ្នក​នាង​ ទូច ស្រីល័ក្ខ​ ដើម្បី​សុំ​ការ​បំភ្លឺ​ ប៉ុន្តែ​អាស្រ័យ​ដោយ​អ្នក​នាង​ កំពុង​មមាញឹក​លើ​ការងារ​មនុស្ស​ធម៌នៅខេត្តកំពង់​ឆ្នាំង​ ហើយ​ប្រព័ន្ធសេវា​មាន​ភាព​រអាក់រអួល​​ ដូច្នេះ​អ្នក​នាង​ នៅ​មិន​ទាន់​បំភ្លឺ​ចំពោះ​ករណី​សង្ស័យទាក់ទង​នឹង​ចំណង​មិត្តភាព​ដ៏​ស្អិត​ល្មួត​​ខាង​លើ​នេះ​នៅ​ឡើយ​៕

Share.