យោធាអ៊ីស្រាអែលបានចែករំលែកវីដេអូ និងរូបថត កាលពីថ្ងៃច័ន្ទ ដែលបង្ហាញពីអ្វីដែលកងកម្លាំងបាននិយាយថា ជាអាវុធដែលក្រុមហាម៉ាស រក្សាទុកនៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យកុមារក្នុងតំបន់ហ្គាហ្សា ហើយទំនងជាកន្លែងឃុំឃាំងចំណាប់ខ្មាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយថា កងទ័ពបានរកឃើញមជ្ឈមណ្ឌលបញ្ជាការមួយរបស់ក្រុមហាម៉ាស ដែលមានផ្ទុកអាវុធយុទ្ធភណ្ឌ រួមមានគ្រាប់បែកដៃ អាវកាក់អត្តឃាត និងគ្រឿងផ្ទុះផ្សេងទៀត នៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ Rantissi ដែលជាមន្ទីរពេទ្យកុមារដែលមានឯកទេសព្យាបាលអ្នកជំងឺមហារីក។

លោក បានប្រាប់សន្និសីទផ្សាយតាមទូរទស្សន៍មួយថា «យើងក៏បានរកឃើញសញ្ញាដែលបង្ហាញថា ក្រុមហាម៉ាសបានឃុំចំណាប់ខ្មាំងនៅទីនេះ។ បច្ចុប្បន្នរឿង​នេះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​យើងនៅឡើយ»។

លោក​ Hagari បាន​និយាយ​ថា​៖ «ក្រុម​ហាម៉ាស​បាន​ដណ្តើម​យក​តំបន់​នេះ​ទាំង​អស់​មកក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ហើយ​បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ីស្រាអែលចេញ​ពី​មន្ទីរពេទ្យ​នេះ។ លើសពីនេះ កងទ័ពបានរកឃើញម៉ូតូមួយគ្រឿងដែលមានស្លាកស្នាមគ្រាប់កាំភ្លើង ដែលហាក់ដូចជាត្រូវបានប្រើ ដើម្បីនាំយកចំណាប់ខ្មាំងទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់បានចំណាប់ខ្មាំងប្រហែល ២៤០នាក់»។

ជាការសងសឹក អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើតំបន់ហ្គាហ្សាស្ទ្រីប ហើយបានចាប់ផ្ដើមប្រតិបត្តិការជើងគោក។ យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង១១,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា។

កាលពីថ្ងៃច័ន្ទ រថក្រោះរបស់អ៊ីស្រាអែល ត្រូវបានដាក់ពង្រាយនៅខាងក្រៅច្រកទ្វារនៃមន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យដ៏សំខាន់នៅតំបន់ហ្គាហ្សា ដោយអ្នកជំងឺរាប់រយនាក់រង់ចាំការជម្លៀសចេញ។ នៅពេលចាប់ផ្ដើមសងសឹក អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ ថាបានប្រើប្រាស់មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ដើម្បីលាក់មជ្ឈមណ្ឌលបញ្ជាការ និងយកទីតាំងផ្ទុកអាវុធ រួមទាំងប្រើប្រាស់ជនស៊ីវិល និងអ្នកជំងឺនៅមន្ទីរពេទ្យ ជាខែលការពារ។

យ៉ាងណាម៉ិញ ក្រុមហាម៉ាស់ និងមន្រ្តីនៅមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សាបានបដិសេធថា កន្លែងសុខភាពមិនត្រូវបានប្រើប្រាស់តាមការលើកឡើងរបស់អ៉ីស្រាអែលនោះទេ ទន្ទឹមនេះមិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាស លើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ភាគីអ៊ីស្រាអែលទេ។

ទាក់ទិននឹងបញ្ហានេះ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើមណ្ឌលថែទាំសុខភាពនៅតំបន់ហ្គាហ្សាជាបន្ទាន់ ខណៈអ៊ីស្រាអែលអះអាងថា ខ្លួនកំពុងអនុញ្ញាតឱ្យមានការជម្លៀសអ្នកជំងឺ និងជនស៊ីវិលចេញពីតំបន់ដ៏ក្ដៅគគុកនេះ៕

ប្រភព៖ CNA

Share.