សិល្បៈជាតិ៖ ករណី​ដែល​តារាចម្រៀង​រ៉េ​ប G-Devith បង្ហាញ​ខោ​គុន​ខ្មែរ​នៅលើ​ឆាក​ចម្រៀង និង​ស្លៀក​នៅពេល​សម​ឆាក បានធ្វើឱ្យ​អ្នកគាំទ្រ​កីឡាប្រដាល់​មួយចំនួន​ហាក់​មិន​ពេញចិត្ត និង​បោះសម្ដី​ផ្លែផ្កា​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម។ ប៉ុន្តែ​នៅក្នុង​នោះ​ក៏មាន​អ្នកគាំទ្រ​មិនតិច​ទេដែល​បាន​ចេញមក​គាំទ្រ​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​គុន​ខ្មែរ​របស់ G-Devith នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​ចុងឆ្នាំ​របស់លោក ដោយ​ម្នាក់​ក្នុងចំណោម​អ្នកគាំទ្រ​ទង្វើ​របស់ G-Devith ដ៏​ច្រើន​លើសលប់​នោះ​ក៏មាន លោក Rock Kh ពិធីករ​និង​ជា​អ្នកជំនាញ​អត្ថាធិប្បាយ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប​ផងដែរ។

G-Devith បាន​លើក​បង្ហាញ​ខោ​គុន​ខ្មែរ​បន្ទាប់ពី​បាន​ស៊ី​ញ៉េ​រួច​ប្រគល់ឱ្យ​ហ្វេ​ន នៅលើ​ឆាក​មហោស្រព​តន្ត្រី Sting Musicverse Fastival កាលពី​រាត្រី​ថ្ងៃទី ១២ ខែវិច្ឆិកា។ ហេតុ​ការ​ណ៍នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​ប្រដាល់​គុន​ខ្មែរ​មួយចំនួន​កើតមាន​ជា​មតិ​រិះគន់ ដោយ​ពួកគេ​លើកឡើងស្រដៀងៗគ្នាថា អ្នក​ប្រដា​ល់អាច​ច្រៀង​រ៉េ​ប​នៅលើ​ឆាក​បាន តែ​អ្នកចម្រៀង​រ៉េ​ប​មិនអាច​ឡើង​ប្រដាល់​បានទេ ដែល​ពាក្យសម្ដី​ទាំងអស់​នោះបាន​ផ្លែផ្កា​ទៅ G-Devith យ៉ាង​ចំៗ។ ក៏ប៉ុន្តែ​ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​ផ្សេងទៀត បានបង្ហាញ​ជាម​តិ​ដែលថា ទង្វើ​របស់លោក G-Devith ធ្វើ​ក៏​ព្រោះតែ​ចង់​លើកស្ទួយ និង​គាំទ្រ​ផ្សព្វផ្សាយ​បន្ថែម​ពី​គុណ​ខ្មែរ​តែប៉ុណ្ណោះ ចុះ​ហេតុអ្វី​មិន​បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទៅ?

ជាក់ស្ដែង​លោក Rock Kh ពិធីករ​កីឡា​ល្បី​មួយរូប បាន​លើក​ហេតុផល​យ៉ាង​សមរម្យ​ចំពោះ​ករណី​ខាងលើនេះ ដើម្បីឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​បាន​ត្រិះរិះ​ពិចារណា ដោយ​មិនមែន​ល្អៀង ឬ​សម្ដៅ​តែ​ទៅលើ​ហ្វេ​ន​ណាមួយ​តែម្ខាងៗនោះទេ។ ភ្ជាប់​នឹង​ករណីនេះ​លោក Rock Kh បាន​បង្ហោះ​សារ​ឡើង​យ៉ាង​ដូច្នេះ៖

«ជា​មនុស្ស​រៀន​គាំទ្រ​អ្វី​ក៏ដោយ​កុំឱ្យ​ងប់ងុល​ផ្កាប់មុខ​រហូត​មិនអាច​បែងចែក ល្អ និង អាក្រក់​ឱ្យសោះ ពីព្រោះ សិ​ល្បះ​គឺជា​ការផ្សព្វផ្សាយ​ទូលំទូលាយ​ទាំង​ក្នុង​ជាតិ និង អន្តរជាតិ ការរួមចំនែក​ក្នុងការ​ផ្សព្វផ្សាយ អរិយធម៌ និង វប្បធម៌​ទៅកាន់​ពិភពលោក​ឱ្យគេ​បាន​ស្គាល់​ជា​រឿង​ល្អ​ណាស់​សម្រាប់​សង្គមជាតិ ហេតុអ្វី​វប្បធម៌ ញុះញង់ និង លាប​ពណ៌​គ្នា​នៅក្នុង​សង្គម​ជាតិខ្មែរ​នឹងត្រូវ​បញ្ចប់​នៅពេលណា ។ 2023 ហើយ ពិភពលោក​គេ​ដើរ​ដល់​ណា​ហើយ តើ​យើង​ចង់ឱ្យ​យើង​ដើរ​ឈាន​ទៅមុខ​យ៉ាងម៉េច បើ​ផ្នត់គំនិត​របស់​យើង​ចង្អៀតចង្អល់​យ៉ាងនេះ ជាតិ​សាសន៍​តែមួយ​ឈាមជ័រ​តែមួយ​ហេតុ​អី​បាន​មិន​សាមគ្គី​គ្នា ចូលចិត្ត​ណាស់​បែង​ជើង​គ្នា ឈ្នានីស​គ្នា តើ​វា​បាន​ហុច​ផលប្រយោជន៍​អ្វីខ្លះ​ដល់​សង្គម​ខ្មែរ ដល់ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​សាមគ្គី​គ្នា​ពួតដៃគ្នា​បង្ហាញ​ភាពខ្លាំង​របស់​យើង​ទៅកាន់​សកលលោក​ថា​ខ្មែរ​ពូជខ្មែរ​អ្នក​សាង​អង្គរ ដែល​គ្មាន​ជាតិ​សាសន៍​ណា​អាច​ធ្វើបាន បើ​ខ្មែរ​សម័យអង្គរ​មិន​សាមគ្គី តើ​ខ្មែរ​អាច​សាង​ប្រាសាទ​អង្គរ​បាន​ដោយ​របៀប​ណា យើង​គួរ​សាទរ​លើកទឹកចិត្ត​នឹង​ជំរុញ​អោយ​វា​រីកចម្រើន​ទៅមុខ​ជាជាង​ចាំ​រក​គន្លឹះ​ដើម្បី​ផ្តួល​គ្នា សាមគ្គី​យើង​ខ្លាំង បែកបាក​យើង​នឹង​លិចលង់​ទាំងអស់គ្នា ។ ពី​ខ្ញុំ​ជា​ឈាមជ័រ​ខ្មែរ​ម្នាក់​សូម​សំណូមពរ​ខ្មែរ​គ្រប់រូប​សាមគ្គី​គ្នា ចាប់ដៃគ្នា កែលំអ​គ្នា​ខ្មែរ​យើង​នឹង​ខ្លាំង »។

សូមជម្រាបថា តារាចម្រៀង​រ៉េ​ប G-Devith និយម​លេង​ស្ដាយ​ល៍​យ៉េ​យ៉េ​រូបនេះ​មិនបាន​ត្រឹមតែ​ជា​ចំណែក​មួយ​ចូលរួម​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ​នៅលើ​ឆាក​មហោស្រព​តន្ត្រី​លំដាប់​អន្តរជាតិ​មួយ​នេះ​ប៉ុណ្ណោះ​ទេ លោក​ក៏មាន​សកម្មភាព​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរផ្សេងៗទៀត​នៅលើ​ឆាក​តន្ត្រី​អន្តរជាតិ​បន្ថែមទៀត​ដែរ។ ដោយឡែក លោក​ក៏​ត្រៀម​បង្ហាញ​ពី​ការសម្ដែង​សិល្បៈ​វប្បធម៌​ក្នុង​ទម្រង់​ទ្រង់ទ្រាយ​យ៉ាង​ធំ​សម្បើម​មួយទៀត នៅលើ​ទឹកដី​អង្គរ​ក្នុង​កម្មវិធី «រាត្រី​ចងចាំ» ដែលជា​កម្មវិធី​ថ្នាក់ជាតិ​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផងដែរ៕

Share.