នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃចន្ទថា អាមេរិក និងអឺរ៉ុបនឹងក្លាយជាគោលដៅបន្ទាប់ ខណៈលោកបានលើកឧទាហរណ៍ចំពោះការបំផ្លិចបំផ្លាញទាំងស្រុងលើក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Hill នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍ ថា «ប្រសិនបើយើងមិនឈ្នះនៅពេលនេះទេ អឺរ៉ុបគឺជាគោលដៅបន្ទាប់ ដែលក្រុមសកម្មប្រយុទ្ធឥស្លាម នឹងបង្កការគំរាមកំហែង ដូច្នេះបណ្ដារដ្ឋទាំងអស់នឹងក្លាយជាអ្នកបន្ទាប់។ យើងត្រូវតែឈ្នះក្នុងសង្រ្គាមនេះ»។

ជាមួយគ្នា នាយករដ្ឋមន្រ្តីអ៉ីស្រាអែលរូបនេះ បានរៀបរាប់ពីការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស អំពីភាពព្រៃផ្សៃរបស់ក្រុមនេះ ដោយបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងចាប់មនុស្សជាចំណាប់ខ្មាំងជាង២០០នាក់ ដោយសួរថា តើនរណាជាមនុស្សល្អ និងមនុស្សអាក្រក់? យើងគ្រាន់តែចង់កម្ចាត់ក្រុមសកម្មប្រយុទ្ធនេះប៉ុណ្ណោះ យើងគ្មានបំណងធ្វើបាបជនស៊ីវិលឡើយ។

លោក Netanyahu បានរំលឹកពីរបៀបដែលអង្គការភេរវករ ISIS បានបើកការវាយប្រហាររបស់ខ្លួននៅទូទាំងពិភពលោក។ ដោយបន្ថែមថា វានឹងប៉ះពាល់ដល់មនុស្សគ្រប់រូប មិនត្រឹមតែនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ពីព្រោះប្រសិនបើអ៊ីស្រាអែលស្ថិតក្នុងគ្រោះថ្នាក់ អឺរ៉ុបគឺជាគោលដៅបន្ទាប់ រឿងនេះវាដូចជា ISIS ដែរ។

ការកត់សម្គាល់របស់លោក Netanyahu កើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោកបានផ្លាស់ប្តូរចិត្តឆ្ពោះទៅរកការអំពាវនាវឱ្យមានបទឈប់បាញ់ ថ្វីត្បិតពួកគេអំពាវនាវសុំឱ្យផ្អាកបាញ់បណ្ដោះអាសន្នដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ក៏ដោយ។

យ៉ាងណាម៉ិញ លោក Netanyahu បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិក និងប្រជាជនរបស់ខ្លួនសម្រាប់ការឈរជាមួយអ៊ីស្រាអែល និងបានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រាប់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល៕

ប្រភព៖ The Hill

Share.