កំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ចុះបង្រ្កាបទប់ស្កាត់បទល្មើសនៅបឹងទន្លេសាប០២ទីតាំង ដកហូត និងកម្លេចបទល្មើសនេសាទមួយចំនួនធំ ព្រមទាំងបានលេងកូនត្រីបានជាង២០០ គីឡូក្រាមចូលទន្លេវិញ។

ប្រតិបត្តិការខាងលើនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយព្រោងព្រាតថា មានការបែកធ្លាយ សារសំឡេងតាមប្រព័ន្ធ telegram ពីការឃុបឃិតគ្នា ប្រមូលលុយដាក់ហោប៉ៅ ជាថ្នូរមិនបង្ក្រាប ហើយបើកដៃឱ្យគេប្រព្រឹត្ត បទល្មើសនេសាទពីសំណាក់មន្ត្រីមួយចំនួនតូច ទើបនៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញនេះលោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលស្រុកស្ទោង និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងតំបន់សឹករងក្រុងស្ទឹងសែន កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាង និងអាជ្ញាធរភូមិ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលទ្រុងទ្រាយធំនៅបឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ ។

ជាក់ស្តែង កម្លាំងចម្រុះបានប្រទះឃើញបទល្មើសនៅបឹងទន្លេសាបចំនួន០២ទីតាំង ដែរទីតាំងទី១ នៅគុមឬស្សី បឹងផ្តៅ ភ្នំជីមូស និងព្រែកផ្នល់ ស្ថិតក្នុងភូមិសាស្រ្តឃុំសព្រោជ ឃុំចំណាក្រោម និង ឃុំពាមបាង ស្រុកស្ទោង។ ទីតាំងទី២ នៅអូរញឹង តាមដងស្ទឹងសែន ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 តាមលោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឱ្យដឹងថា កម្លាំងចម្រុះចុះដល់គោលដៅផ្ទាល់លទ្ធផលអនុវត្តន៍បាន ០៤ករណី ចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៨របាំង ប្រវែង៣៥០០ម របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៦៥០ម ឡុកចំនួន៣៧គ្រឿង លូចំនួន ៤៤មាត់ បង្គោលចំនួន៧៨០០ដើមចាក់លែងត្រីចំនួន២៣០គីឡូក្រាម។


បច្ចុប្បន្ន បានដកហូតឃាត់ទុកវត្ថុតាង នេសាទដោយប្រើឧបករណ៍ឆក់ដូចជា ដុំភ្លើងឆក់ចំនួន០២គ្រឿង អាគុយចំនួន០២គ្រឿង ដងឆក់ចំនួន ០២គូរ កន្រ្តងដួសត្រីចំនួន០៤ ត្រីចំរុះទំងន់១៥គីឡូក្រាមទូកបាឡាស្មាច់ ប្រវែង ០៥ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីនម៉ាក ហុីណូតាចំនួន០១គ្រឿង ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់.បន្សល់ទុកឧបករណ៍ខខុសច្បាប់មួយចំនួនធំ៕

អត្ថបទ៖ កំពង់ធំ

Share.