សិល្បៈជាតិ៖ ភាពយន្ត «ប្រុស​លក់ខ្លួន» របស់​ផលិតកម្ម LD បានបង្ហាញ​ស្ថិតិ​ថ្មី​ជា​ប្រវត្តិសាស្ត្រ​តែម្ដង ដែល​នេះ​គឺជា​លើកដំបូង​សម្រាប់​ភាពយន្ត​ខ្មែរ​ដែល​បញ្ចាំង​នៅក្នុង​រោងកុន​ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ អាច​កើប​លុយ​បាន​ដល់​ទៅ ៨០០ លាន​រៀល។

តាម​ការ​បង្ហោះ​ឡើង​របស់​ផលិតកម្ម​បានឱ្យដឹងថា សមិទ្ធផល​នេះ គឺ​កើតឡើង​ពី​អ្នកគាំទ្រ​ជា​ទស្សនិកជន​ទាំងអស់គ្នា​ដែល​បាន​ចូលរួមចំណែក​ធ្វើឱ្យ​ភាពយន្ត​ខ្មែរ កាន់តែ​បោះជំហាន​ឆ្ពោះទៅមុខ​ទៅកាន់​ទីផ្សារ​ភាពយន្ត​អន្តរជាតិ។

បើតាម​ឱ្យឃើញ​ពី​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​រោងភាពយន្តនីមួយៗ គេ​ឃើញថា ភាពយន្ត​មួយ​នេះ ត្រូវបាន​អ្នកគាំទ្រ និង​អ្នក​ចង់​ទស្សនា សម្រុក​ធ្វើ​កក់​កៅអី​ទុកអស់ៗគ្មាន​សល់ តាំងពី​ថ្ងៃ​ដាក់​បញ្ចាំង​ថ្ងៃ​ដំបូង​មកម្ល៉េះ។ ហើយ​មកទល់​ថ្ងៃ​នេះដែរ កៅអី​សម្រាប់​ចង់ទៅ​ទស្សនា​ភាពយន្ត​នោះ​ដែល​ទៅ​ទិញ​សំបុត្រ​ផ្ទាល់ ក៏​សឹងតែ​គ្មាន​កន្លែង​សល់​ដូចគ្នា ពោលគឺ​មាន​នៅតែ​ជួរមុខ​ជិត​អេក្រង់​ប៉ុណ្ណោះ។

ជាមួយ​ការទទួល​ដំណឹង​ដ៏​សែន​រំភើប​នេះ លោក លៀក លីដា ជា​ចាងហ្វាង​ផលិតកម្ម LD ក៏បាន​លើកឡើងថា «អ្នកគាំទ្រ​គឺជា​កំលាំងចិត្ត អ្នកគាំទ្រ​គឺជា​វត្ថុធាតុដើម​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ចង្វាក់​ផលិតកម្ម»។

សូមជម្រាបថា ភាពយន្ត «ប្រុស​លក់ខ្លួន» ក៏បាន​ការទទូច​ឱ្យ​ផលិត​ជា​ភាគ​ទី ២ បន្ត​ផងដែរ ខណៈដែល​ផលិករ​កំពុងតែ​ពិចារណា​រឿងនេះ ដើម្បី​បំពេញ​បំណង​ចិត្ត​របស់​អ្នកទស្សនា។ ភាពយន្ត «ប្រុស​លក់ខ្លួន» ឬ Rentboy កំពុង​ចាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត៕

Share.