ពានរង្វាន់កំរិតទ្វីបអាស៊ី ផ្នែកនារី AFC Women’s Club Championship 2023 ដែលប្រទេសថៃ វគ្គសន្សំពិន្ទុក្នុងពូល A និង ពូល B បានបញ្ចប់រួចរាល់ហើយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ស្របពេលដែលអាជ្ញាកណ្តាលកម្ពុជា ២រូបក៏បានបង្ហាញខ្លួនកាត់ក្តីលើទីលានផងដែរ។

កញ្ញាប្លុង ពេជ្រអក្ខរ៉ា និងអ្នកនាង ថោ ដាវី គឺជាមន្ត្រីអាជ្ញាកណ្តាលរបស់កម្ពុជា ដែលបានចូលរួមកាត់សេចក្តីក្នុងការប្រកួត កម្រិតទ្វីប AFC Women’s Club Championship 2023 វគ្គសន្សំពិន្ទុក្នុងពូល ជំនួបរវាងក្រុម Urawa Red Diamonds (ជប៉ុន) យកឈ្នះលើក្រុម Hualien (ចិនតៃវ៉ាន់) ដោយលទ្ធផល ៦-០ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងទៅ នៅកីឡដ្ឋាន Chonburi Stadium ក្នុងខេត្តធនបុរី ប្រទេសថៃ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ AFC Women’s Club Championship 2023 ដែលប្រទេសថៃ ទទួលរៀបចំជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលហើយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងទៅក្នុងនោះឃើញថា ក្រុម Urawa Red Diamonds របស់ជប៉ុន ឈរនៅកំពូលតារាងពូល A មាន ៩ពិន្ទុពេញ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះទាំង ៣ប្រកួត។

រីឯក្រុ​ម Hyundai Steel Red Angels របស់កូរ៉េខាងត្បូង ឈរក្នុងកំពូលតារាងពូល B ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះទាំង ៣ប្រកួតមាន៩ពិន្ទុ។ ដូចនេះក្រុម Urawa Red Diamonds របស់ជប៉ុន នឹងត្រូវប៉ះ Hyundai Steel Red Angels របស់កូរ៉េ ខាងត្បូង​ នៅជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤ ខាងមុខ។

សូមបញ្ជាក់ថា កញ្ញាប្លុង ពេជ្រអក្ខរ៉ា និងអ្នកនាង ថោ ដាវី ត្រូវបានជ្រើសជាមន្ត្រីអាជ្ញាកណ្តាលកម្រិតអន្តជាតិនៅដើមឆ្នាំ២០២២ កន្លងទៅ និងត្រូវបានជ្រើសរើសជាមន្រ្តីអាជ្ញាកណ្តាលកម្រិតទ្វីបអាស៊ី (AFC) នៅក្នុងឆ្នាំ២០២៣ នេះ៕

Share.