សិល្បៈជាតិ៖ ដើម្បី​អបអរសាទរ​ទិវា​កុមារ​ពិភពលោក២០២៣ នៅ​ខេត្តក្រចេះ បុណ្យ​ភូមិ​មាន​ជើង ផ្តល់​ការហ្វឹកហាត់ និង​ចែករំលែក​បទពិសោធ​ជាមួយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ «ឡេ​ឡេ​ផ្សោត» ។ កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង ដែល​នឹង​ប្រព្រឹត្តធ្វើ​នៅ​ខេត្តក្រចេះ​នៅ​ថ្ងៃទី១៧ ១៨ ១៩ ខែវិច្ឆិកា​ខាងមុខនេះ​បានទទួល​កិច្ចសហការ​ពី យូ​នី​សេ​ហ្វ ក្នុង​គោលបំណង​រួមគ្នា​ដើម្បី​អបអរសាទរ​ទិវា​កុមារ​ពិភពលោក។

ទិវា​កុមារ​ពិភពលោក គឺជា​ទិវា​នៃ​សកម្មភាព​សម្រាប់​កុមារ ដោយ​កុមារ។ ទិវា​កុមារ​ពិភពលោក​រំលឹក​ដល់​ខួប​នៃ​ការអនុម័ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយ​ក្នុងនោះដែរ ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ១៩៩។

ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អបអរ​ទិវា​កុមារ​ពិភពលោក បុណ្យ​ភូមិ​មាន​ជើង​បានរៀបចំ​ការហ្វឹកហាត់​ដល់ ឡេ​ឡេ​ផ្សោត (យុវជន​ស្ម័គ្រចិត្ត) ដោយបាន​អញ្ជើញ​វាគ្មិន​កិត្តិយស​ជាច្រើន​នា មក​ផ្តល់​ចំណេះដឹង និង​បទពិសោធ ក្រោម​ប្រធានបទផ្សេងៗដែល​ទាក់ទង​នឹង​អាជីវកម្ម ការធ្វើការងារ​ជា​ក្រុម ការរក​ខ្លួនឯង​មុន​រក​អាហារូបករណ៍។ 

ជាពិសេស​ទៀត​នោះ យូ​នី​សេ​ហ្វ និង​បុណ្យ​ភូមិ​មាន​ជើង នឹង​សហការ​រៀបចំ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​លើ​ប្រធានបទ សុខភាព​ផ្លូវចិត្ត អាហារូបត្ថម្ភ ការប្រែប្រួល​អាកាសធាតុ និង​ការអភិរក្ស​បរិស្ថាន ជូន​ដល់​ឡេ​ឡេ​ផ្សោត​ប្រមាណ​ជាង១០០នាក់ និង​បងប្អូន​ដែល​នឹង​មក​ចូលរួម​កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង​យើង​ខាងមុខនេះ នៅក្នុង​បរិវេណ​វត្ត​រកា​កណ្តាល ខេត្តក្រចេះ។ 

សូម​រំលឹកថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ បាន​នឹង​កំពុង​រៀបចំ​កម្មវិធី​តា​ម​បណ្តា​ខេត្ត ឈ្មោះថា​បុណ្យ​ភូមិ​មាន​ជើង ដែលជា​អនុ​មហោស្រព​សិល្បៈ នៃ​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ (ប្រារព្ធ​ខួប ១០ឆ្នាំ នៅ​ឆ្នាំ ២០២៣) ដែល​បាន​បង្កើតឡើង​និង​រៀបចំ​ដោយ ភ្លើង​គប់​ដែល​នឹង​ពង្រីក​ដល់​គ្រប់​ខេត្ត​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។

កម្មវិធី​ដ៏​ធំ​សម្បើម​នេះ ប្រព្រឹត្តទៅបាន​ដោយមាន​កិច្ចសហការ​រៀបចំ​ដោយ​យូ​នី​សេ​ហ្វ និង​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​អូស្ត្រាលី ខ​ប​ត្ថ​ម្ភ​ដោយ កម្ពុ​អ៊ែ​រ៉ា សហការ​ជាមួយ បារមី និង គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​រុងរឿង ជាមួយនឹង​ការសហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រចិត្ត «ឡេ​ឡេ ផ្សោត» ប្រមាណ​ជាង ១០០នាក់៕

Share.