សិល្បៈ​អន្តរជាតិ៖ កញ្ញា Nguyen Thuc Thuy Tien ម្ចាស់​តំណែង​ Miss Grand International 2021 បាន​ចេញ​មក​បដិសេធ​​ជា​សាធារណៈតាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ចំពោះ​ការ​ ​ចោទ​ប្រកាន់​ថា​ខ្លួន​មាន​ពាក់​ព័ន្ធ​នឹង​ករណីជួញ​ដូរ​ផ្លូវ​ភេទ​ ក្រោយ​មាន​បែក​ធ្លាយ​រូប​ភាព​របស់​នាង​និង​មេ​គំនិត​ជួញដូរ​ផ្លូវ​ភេទ​ដ៏​ធំមួយ​ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​។

យោង​តាម​ការ​បង្ហោះ​ដោយ​សារ​ព័ត៌មាន​វៀតណាមកញ្ញា​​ Tien បាន​សរសេរ​លើ​គណនី​ខ្លួន​ថា​ ការ​ប៉ាន់ស្មាន​ថា​នាង​មាន​ជាប់​ព័ន្ធ​នឹ​ងអំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែល​ដឹក​នាំ​ដោយ​ Make up artist ឈ្មោះ Huynh Thanh Thuan (ហ៊ូអេន ថាញ ធៀន) មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ ហើយ​អ្នក​ដែល​ផ្សព្វផ្សាយ​នោះ​គឺ​មាន​ចេតនា​បំភ័ន្ត​មតិសាធារណៈ។ អតីត​ម្ចាស់​មកុដ​ឆ្នាំ​២០២១ បាន​បន្ថែម​ទៀត​ថា​ ប៉ូលិស​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ប្រកាស​ហើយ​ថា​នាង​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹ​ងករណី​ជួញដូរ​ផ្លូវ​ភេទ​នោះ​ឡើយ​។

ក្រោយ​ពេល​ដែល Make Up Artist ​ដែល​ជា​​ឈ្មួញជួញដូរ​ផ្លូវ​ភេទ​ត្រូវ​បាន​ចាប់​ខ្លួន​​​ ហើយ​រូបថតរបស់​ Tien និង​បុរស​រូប​នោះ​បែកធ្លាយ​ជាសាធារណៈ​ ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​​នាង​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរផ្លូវភេទ​ ប៉ុន្តែ​នាង​បានពន្យល់​ថា​បុរស​ផាត់មុខ​អាជីព​រូប​នោះ​ ធ្វើ​ការជាមួយ​នឹង​តារា​ជា​ច្រើន​ដួង រួម​ទាំងរូប​នាង​ផងដែរ ខណៈ​ដែល​រូប​ថត​នោះ​បាន​ថត​តាំង​ពីឆ្នាំ​២០០៩ មក​ម្ល៉េះ​ ដូច្នេះ​វា​មិន​សមហេតុ​ផល​នោះ​ទេ ដែល​យក​ត្រឹម​តែ​រូបថត​ប៉ុណ្ណឹង​មក​ចោទ​ប្រកាន់​រូប​កញ្ញា​។

កញ្ញា Nguyen Thuc Thuy Tien បាន​អះអាង ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​វែក​រក​មុខបុគ្គល​ដែល​បាន​ព្យាយាម​បបង្កើត​ដំណឹង​ចចាមអារ៉ាម​ដើម្បី​​វាយ​ប្រហារ​កញ្ញា​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​។

គួរ​រំលឹក​ឡើង​វិញ​ថា​ កញ្ញា Nguyen Thuc Thuy Tien គឺជា​ម្ចាស់​តំណែង​ Miss Grand International ឆ្នាំ​២០២១ ដែល​បាន​រៀបចំ​ការ​ប្រកួត​ឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កញ្ញា​គឺជា​នារី​វៀតណាម​ដំបូង​គេ​បង្អស់​ដែល​បាន​ឈ្នះ​តំណែង​ពី​វេទិកា​ប្រកួត​សម្រស់​មួយ​នេះ​៕

Share.