សិល្បៈ​អន្តរជាតិ​៖ តស់​ដឹង​ពី​ប្រវត្តិ​លម្អិត​របស់​​ស្រីស្អាត​​​ជនជាតិ​ នីហ្គារ៉ាហ្គ័រ​ ដែល​បាន​បង្កើត​កំណត់​ត្រា​ថ្មី​​ជា​​នារី​នីហ្គារ៉ាហ្គ័រ​ដំបូង​គេ​ឈ្នះ​មកុដ​និង​តំណែង​ Miss Universe ពិភពលោក​។ ​នារី​រូប​នេះ​​មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​ស្រស់​​ស្អាត​នោះ​ទេ​ ប៉ុន្តែ​ចំំណេះដឹង​​​ ​និង​សមត្ថភាព​ក៏​មាន​ច្រើន​មិន​ចាញ់​រូប​សម្រស់​នោះ​ដែរ​។

កម្មវិធី​ប្រកួត​សម្រស់​ចាស់​វស្សា​ Miss Universe ​លើក​ទី​៧២​ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ​ ដោយ​ម្ចាស់​តំណែង​ស្រី​ស្អាត​ចក្រវាឡ​បាន​ធ្លាក់ទៅ​ក្នុង​កណ្ដាប់​ដៃ​កញ្ញា​ Sheynnis Palacios ​នារី​​នីហ្គារ៉ាហ្គ័រ​​ ជា​អ្នក​ឈ្នះ​​បាន​មកុដ​យក​ទៅ​គ្រប់​គ្រង​។

ថ្ងៃ​នេះ​ត្រយង​សូម​ធ្វើ​ការ​សង្ខេប​​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​កញ្ញា​ជូន​ប្រិយមិត្ត​អ្នក​អាន​បាន​ជ្រាប​ដូច​តទៅ៖ Sheynnis កើត​នៅ​ថ្ងៃ​ទី​៣១ ឧសភា​ ឆ្នាំ​២០០០ នៅ​ក្នុង​ខេត្ត​ ម៉ាណាហ្គ័រ ប្រទេស​នីហ្គារ៉ាហ្គ័រ​។ នាង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់ទំនង​និង​ពិធីករ​កម្មវិធី​ទូរទស្សន៍​ និង​ជា​​បេក្ខភាព​តំណង​ឱ្យ​ខេត្ត Diriamba សម្រាប់​ការ​ប្រកួត​ Miss Universe Nicaragua 2022។

Sheynnis អាច​ចាត់​ទុក​បាន​ថា​ជា​ស្រីស្អាត​ពោរពេញ​ដោយ​សមត្ថភាព​មួយ​រូប​ ព្រោះ​មិន​ត្រឹម​តែ​​តារា​បង្ហាញ​ម៉ូដ​ ពិធីការិនី​ទូរទ្សសន៍​ ​អ្នក​អភិវឌ្ឍ​​​ប្រជុំជន​ និង​ធ្លាប់​ជា​អតីត​កីឡាការិនី​បាល់ទះ​ ប្រកួត​កម្រិត​មហាវិទ្យាល័យ​ផង​ដែរ​។

មុន​ឈ្នះ​តំណែង​ខ្ពស់​បំផុត​មួយ​ក្នុង​ជីវិត​នេះ​ Sheynnis ក៏​ធ្លាប់​ជាប់​ក្នុង​លំដាប់​ Top ទាំង​១០​ នៃ​កម្មវិធី​ Miss Teen Universe 2017 និង​លំដាប់​ Top ទាំង​៤០ នៃ​កម្មវិធី​ Miss World 2021 ផង​ដែរ​។ Sheynnis គឺ​ជា​ស្រី​ស្អាត​ដំបូង​គេ​របស់​ប្រទេ​ស នីហ្គារ៉ាហ្គ័រ​ ដែល​អាច​​ឈាន​ចូល​មក​ដល់​វគ្គ​កាន់​តែ​ជ្រៅ​ ឬ​ វគ្គ​ Top នៃ​កម្មវិធី​ ហើយ​ថែម​ទាំង​​អាច​ដណ្ដើម​បាន​មកុដ​ Miss Universe 2023 ក្លាយ​ជា​ម្ចាស់​តំណែង​ ស្រីស្អាត​ចក្រវាឡ​ឆ្នាំ​២០២៣​។

ថ្វី​ត្បិត​បច្ចុប្បន្ន​ Sheynnis មាន​អាជីព​ជា​​អ្នក​បង្ហាញ​ម៉ូដ​ និង​ពិធីការិនី​ តែ​នាង​​បាន​ឱ្យ​និយម​ន័យ​​ខ្លួនឯង​ថា​ជា​មនុស្ស​នៅ​ក្រោយ​កាមេរ៉ា​ ច្រើន​ជាង​នៅ​ពីមុខ​កាមេរ៉ា ព្រោះ​កន្លង​មក​នាង​រមែង​មាន​បញ្ហា​ភ័យបារម្ភតប់​ប្រមល់។​ អាការៈ​ស្ត្រេស​និង​ភ័យ​ព្រួយរបស់​នាង​ បាន​ជំរុញ​ឱ្យ​នាង​បង្កើត​គម្រោង​ «យល់​ពី​ចិត្ត​ខ្លួនឯង​​» ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​ការ​ចាប់​អារម្មណ៍​ពី​សុខភាព​ចិត្ត​របស់​ខ្លួន​ឯង​​ផង​ដែរ​។ នេះ​បាន​ហៅ​ថា​ស្រី​ស្អាត​គ្រប់គ្រឿង​ ព្រោះ​មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្អាត​ ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ ថែម​ទាំង​មាន​ចិត្ត​ល្អ​​ចេះ​ចែក​រំលែក​ថែម​ទៀត​៕

Share.