
ខ្សែប្រយុទ្ធ Hwang Ui-jo សមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបាននគរបាលរបស់ប្រទេសខ្លួនបើកការស៊ើបអង្កេត ក្រោយមានពាក់ព័ន្ធនឹងករណីថតរូបខ្លួនឯងកំពុងរួមភេទ ហើយធ្វើអោយបែកធ្លាយជាសាធារណៈ កាលពីពេលថ្មី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ ខាងត្បូង Yonhap News បានឱ្យដឹងថា កីឡាករ Hwang Ui-jo ត្រូវបាននគបាល ស៊ើបអង្កេតកាលពីចុងសប្តាហ៍បើទោះជារូបគេកំពុងស្ថិតក្នុងបញ្ជីរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង កំពុងប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី២ ជើងទី១ ប្រចាំទ្វីបអាស៊ីក្តី។

ប៉ុន្តែយ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះក៏បានបដិសេធ ភ្លាមៗផងដែរក្រោយរងកាការចោទប្រកាន់ពីសំណាក់អាជ្ញាធរ របស់ប្រទេសកំណើតខ្លួន ប៉ុន្តែនគរបាលបានត្រឹមធ្វើការងារនេះជាមួយមេធាវីខ្លួន ប៉ុណ្ណោះ ព្រោះរូបគេស្ថិតក្នុងជុំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនៅឡើយ។
កីឡាករ Hwang Ui-jo ស្ថិតក្នុងបញ្ជីរបស់ក្រុមជម្រើសជាតិកូរ៉េ ខាងត្បូង ប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយបើកឆាក ឈ្នះលើ ក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៥-០ ស្របពេលដែលកីឡាករូបនេះត្រូវលោកគ្រូបង្វឹក Jürgen Klinsmann ប្តូរចូលនៅនាទី ៦៥ ព្រមទាំងរកបាន ១គ្រាប់នៅនាទី ៦៨ថែមទៀតផង។ ក្រុមជម្រើសជាតិកូរ៉េ ខាងត្បូងស្ថិតនៅពូល C ក្នុងវគ្គជម្រុះ FIFA World Cup 2026 ជុំទី២ ប្រចាំទ្វីបអាស៊ី ជាមួយក្រុមជម្រើសជាតិចិន, ថៃ និងសិង្ហបុរី។

កីឡាករ Hwang Ui-jo បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិកូរ៉េ ខាងត្បូង រូបគេបង្ហាញ ខ្លួនបាន ៦១ប្រកួត រកបាន ១៩គ្រាប់ ក្នុងនាមជាខ្សែប្រយុទ្ធ។ រូបគេធ្លាប់ជួយក្រុមយុវជនក្រោមអាយុ២៣ឆ្នាំជម្រើសជាតិខ្លួនឈ្នះមេដាយមេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ និងធ្លាប់ឈ្នះស្បែកជើងមាសនៅឆ្នាំជាមួយគ្នានោះផងដែរ។
ដុះដាលនៅក្លិប Seongnam FC ក្នុងស្រុកកំណើតកីឡាករ Hwang Ui-jo ធ្លាប់ចេញទៅប្រកួតអាជីពនៅក្លិប Gamba Osaka លីគកំពូលរបស់ជប៉ុន មុនបន្តទៅចូលរួមក្លិបBordeaux លីគកំពូលរបស់បារាំង និងក្លិប Nottingham Forest របស់អង់គ្លេស និងធ្លាប់បានខ្ចីជើងទៅក្លិប Olympiacos របស់ក្រិក ក្លិប FC Seoul របស់កូរ៉េខាងត្បូង និងរដូវកាលនេះចូលរួមក្រុម Norwich City លីគទី២របស់អង់គ្លេស៕

