
បន្ទាប់ពីមានការប្រកួតយ៉ាងជក់ចិត្តអស់រយ:ពេលជាងមួយសប្ដាហ៍មក នៃពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៣ បានរកម្ចាស់ជើងឯកហើយ គឺក្រុមក្រសួងមហាផ្ទៃ (ខ) ក្រុមជើងឯករងរដ្ឋបាលរាជធានីភ្នំពេញ។
ក្រុមក្រសួងមហាផ្ទៃ (ខ) បានយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផលដោយលទ្ធផល ៣សិតទល់១សិត (១៦-២៥,២៥-២៣,២៥-២០,២៥-២០)លើទីលានវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោមទទួលបានជ័យជន្នះនេះគ្រូបង្វឹកក្រុមក្រសួងមហាផ្ទៃ (ខ) លោក អ៊ូ សុផល បាននិយាយរៀបរាប់ថា៖ «ពួកគេនៅក្មេងៗក៏ពិតមែនតែមានការហ្វឹកហាត់ជាប់ជាប្រចាំបានល្អរយ:ពេល ១ឆ្នាំមកនេះ។ ដោយមានការហ្វឹកហាត់គ្រប់គ្រាន់នេះហើយ បានធ្វើអោយពួកគាត់មានការលេងបានល្អ និងរឹងមាំទោះជាលេងច្រើនប្រកួតក៏ដោយ»។
លោក អ៊ូ សុផល បានបន្ថែមថា៖ «សម្រាប់កីឡាករចំនួន ៧នាក់ដែលលេងនៅក្នុងឈុត ខ នេះលោកនឹងបញ្ចូលទៅលេងនៅក្នុងឈុត ធំ ដើម្បីត្រៀមចូលរួមប្រកួតពានបន្តបន្ទាប់ ក៏ដូចជាការប្រកួតលីគនៅដើមឆ្នាំខាងមុខ»។
- ក្រុមម្ចាស់ជើងឯក គឺក្រុមក្រសួងមហាផ្ទៃ (ខ)ទទួលបានពានរង្វាន់ចំនួន១ មេដាយមាសម្នាក់១គ្រឿង អមដោយថវិកាចំនួន៥០លានរៀល
- ក្រុមជើងឯករងរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង អមដោយថវិកាចំនួន២០លានរៀល
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលឈ្នះចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង អមដោយថវិកាចំនួន ១២លានរៀល

ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៣ មានក្រុមចូលរួមចំនួន២៩ក្រុមបែងចែកជា៨ពូលផ្សេងគ្នាមុនស្វែងរកក្រុមខ្លាំងឡើងទៅវគ្គ៨ក្រុមចុងក្រោយ និងបន្តប្រកួតជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថាកាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ជើងឯកបានទៅក្រុមវិសាខា B ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២សិត៕

