
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា៖ វិស័យកីឡាបាល់ទះកម្ពុជា កំពុងមានភាពរីកចម្រើន និងទទួលបានការគាំទ្រយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាក់ស្ដែងការប្រកួតពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣ មានក្រុមចូលរួម និងគាំទ្រយ៉ាងច្រើន។
លោក បានលើកឡើងបន្ថែមថា៖ «នេះលើកទី១ ហើយដែលមានក្រុមមកពី ២៥រាជធានី-ខេត្តចូលរួមប្រកួតពាន រហូតដល់ ២៩ក្លិប ដែលជាភាពភ្ញាក់ផ្អើលមួយ សម្រាប់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ។ ខ្ញុំរំពឹងថា បន្ទាប់ពីចប់ព្រឹត្តិការណ៍នេះ យើងរៀបចំព្រឹត្តិការណ៍ក្រោយៗ នឹងកាន់តែអស្ចារ្យថែមទៀត។ ម្យ៉ាងវិញទៀត ទទួលបានគាំទ្រកាន់តែច្រើនពីបងប្អូនប្រជាពលរដ្ឋ ហើយការគាំទ្រនេះ បានទាក់ទាញវិស័យឯកជនឲ្យងាកមកគាំទ្រវិស័យបាល់ទះកម្ពុជា។ ដូច្នេះខ្ញុំគិថា អនាគត វិស័យបាល់ទះកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀត»។
ចំណាត់ថ្នាក់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣៖
- ក្រុមម្ចាស់ជើងឯក គឺក្រុមក្រសួងមហាផ្ទៃ (ខ)ទទួលបានពានរង្វាន់ចំនួន១ មេដាយមាសម្នាក់១គ្រឿង អមដោយថវិកាចំនួន៥០លានរៀល
- ក្រុមជើងឯករងរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង អមដោយថវិកាចំនួន២០លានរៀល
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលឈ្នះចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង អមដោយថវិកាចំនួន ១២លានរៀល
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៣ មានក្រុមចូលរួមចំនួន២៩ក្រុមបែងចែកជា៨ពូលផ្សេងគ្នាមុនស្វែងរកក្រុមខ្លាំងឡើងទៅវគ្គ៨ក្រុមចុងក្រោយ និងបន្តប្រកួតជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថាកាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ជើងឯកបានទៅក្រុមវិសាខា B ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២សិត៕

