ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ វគ្គជម្រុះជុំទី២ ប្រកួតទី២ បានបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ស្របពេលដែលក្រុមជម្រើសជាតិម៉ាឡេស៊ី និងថៃ ជាក្រុមអាស៊ាន២គត់ដែលរកបានជ័យជម្នះ។

លទ្ធផល​ក្រុម​អាស៊ាន៖
– មីយ៉ាន់ម៉ា ១-៦ កូរ៉េខាងជើង
– សិង្ហបុរី ១-៣ ថៃ
– ចិនតៃប៉ិ ០-១ ម៉ាឡេស៊ី
– ហ្វីលីពីន ១-១ ឥណ្ឌូនេស៊ី
– វៀតណាម ០-១ អ៊ីរ៉ាក់។

សូមបញ្ជាក់ដែរថា សម្រាប់វគ្គ​ជម្រុះ​ជុំទី២នេះ​ ក្រុមដែលស្ថិតនៅក្នុងពូលនីមួយៗ នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមឈរ​លេខ​១​និង​លេខ២ មាន​ឈ្មោះ​ឡើង​ទៅ​ជុំទី៣បន្ត។

ដោយឡែកសម្រាប់វគ្គ​ជម្រុះ​ជុំទី៣ នេះ​សល់​ក្រុម​ខ្លាំង​​ចំនួន​១៨ក្រុម ត្រូវ​ចាប់​ឆ្នោត​បែងចែក​​៣ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ​១​និង​លេខ​២​តាម​ពូល មាន​ឈ្មោះ​ កក់​សំបុត្រ​យន្តហោះ​ទៅ​ប្រកួត World Cup ឆ្នាំ​២០២៦ ខណៈ​ក្រុម​លេខ​​៣​និង​លេខ៤ ត្រូវ​បន្ត​ទៅ​ប្រកួត​ជុំ​ទី៤ ជា​បន្ត។

វគ្គ​ជម្រុះ​ជុំទី៤ នេះ​សល់​ក្រុម​​៦ ដោយ​ចែក​ជា​២ពូល បន្ត​ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​​ឈរ​លេខ​១​ទាំង​២​ពូល មាន​ឈ្មោះ​ទៅ​ប្រកួត​ World Cup ជាមួយ​៦​ក្រុម​មុន។ ចំណែក​ក្រុម​លេខ២ ក្នុង​ចំណោម​ពូល​ទាំង​២​ ត្រូវ​ទៅ​ប្រកួត​​នៅ​វគ្គ​ទី​៥​ជា​បន្ត។

វគ្គ​ជម្រុះ​ជុំ​ទី៥ នេះ​ នៅ​សល់​ក្រុមចំនួន​២​ដែល​ស្ថិត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី៤ ត្រូវ​ប្រកួត​គ្នា​ចំនួន​២ជើង រក​អ្នក​ឈ្នះ ដើម្បី​តំណាង​អោយ​ទ្វីប​អាស៊ី ទៅ​ប្រកួត​ជាមួយ​ក្រុម​មួយ​មក​ពី​ទ្វីប​ផ្សេង ស្វែង​រក​អ្នក​ខ្លាំង​យក​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ World Cup 2026៕

Share.